ជនសង្ស័យដាច់ចិត្តទាញកាំបិតផ្គាក់ កាប់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម ព្រោះតែខឹងទំនាស់ពាក្យសំដីឌឺដងដាក់គ្នា

5

ខេត្តព្រះវិហារ៖ ក្នុងករណីទំនាស់ឌឺដងដាក់គ្នារហូតឈានដល់យកកាំបិតផ្គាក់ កាប់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម ទីបំផុតជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះ យ៉ាងព្រៃផ្សៃបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែកងទ័ព ក្នុងភូមិរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នេះបើតាមការឪ្យដឹងពីលោកឱ សេង អធិការស្រុកជាំក្សាន្តបានឪ្យដឹង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០​២០នេះថា ជនសង្ស័យត្រូវឃាត់ខ្លួនក្នុងករណីឃាត្តកម្មខាងលើមានឈ្មោះសារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះ ទាំងពីរស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ ហើយពួកគេបានប្រកបមុខរបរដើរអារឈើងាប់ៗ តាមចម្ការដែលគេឈូសចោល ដើម្បីប្តូរប្រាក់ចិញ្ចឹមជីវភាពគ្រួសារ ។

នេះបើតាមរបាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសម្តីជាមួយគ្នាម្តងរួចមកហើយ នៅក្នុងវង់ផឹកស៊ីតាំងពីពេលថ្ងៃត្រង់ លុះមកដល់ពេលយប់ទំនាស់ក៏នៅតែបន្តកើតឡើងដដែល ហើយជនរងគ្រោះនៅតែពោលពាក្យឌឺដងឱ្យជនសង្ស័យដដែល ធ្វើឱ្យជនសង្ស័យទប់កំហឹងមិនបានក៏ស្ទុះទៅយកកាំបិតផ្គាប់ កាប់ទៅលើជនរងគ្រោះចំកញ្ចឹងក និងស្លឹកត្រចៀកបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

លោកអធិការបញ្ជាក់បន្ថែមទៀតថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័មានបំណងរត់គេចខ្លួន ក្រោយ​ពេលទទួល​បទបញ្ជា និងការណែនាំរបស់លោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលស្រុកបានសហការជាមួយកម្លាំងទាហានកងពលតូចអន្តរាគមន៍លេខ៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងយប់ភ្លាមៗ និងបាននាំខ្លួនមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ រួចនិងបញ្ចូនបន្តទៅសាលាតំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ដោយ៖ KC.36