ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរមានស្នាមញញឹមជាថ្មី ព្រោះអាចស្នើសុំការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន !

53

សៀមរាប៖ រឿងរ៉ាវដែលអូសបន្លាយអស់រយះពេលយ៉ាងយូរ និងក្លាយជាចំងល់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរបានអស់ជាមន្ទិលសង្ស័យហើយ ក្រោយលោក លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងតំបន់អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹថា៖ អាចស្នើសុំការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយគ្រាន់តែគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ ដែលបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។


នៅថ្ងៃ៨កើត ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ កន្លង​​ទៅនេះ លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងតំបន់អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា ៖ បើប្រជាពលរដ្ឋមានបំណងចង់ដាក់ពាក្យស្នើសុំសាងសង់លំនៅឋាន ឬជួសជុលតូចតាច និងសំណើផ្សេងៗ អាចមកដាក់ពាក្យនៅច្រកចេញ-ចូលទាំង៦ របស់អាជ្ញាធរជាតិអប្សរា ដែលមានមន្ត្រី បុគ្គលិក ប្រចាំការនៅទីនោះចាំប្រឹក្សា​យោបល់អំពីឯកសារដែលត្រូវភ្ជាប់មកជាមួយ ដូចជា លិខិតកាន់កាប់ដីធ្លីស្របច្បាប់ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី និងអត្តសញ្ញាណប័ណ្ណ ។ ពេលបានលិខិតអនុ ញ្ញាត ក្រុមការងារនឹងចុះមកពិនិត្យទីតាំងផ្ទាល់ រួមទាំងតាមដានសកម្មភាពសាងសង់ថា ត្រឹមត្រូវ ឬខុសពីលក្ខខណ្ឌដែលបានស្នើសុំ ។ បើក្នុងករណីប្រជាពលរដ្ឋដែលគោរពតាមគោលការណ៍ក្នុងការស្នើសុំ អាជ្ញាធរជាតិអប្សរានឹងមានលិខិតសរសើរជូនដល់ពួកគាត់ដែលបានចូលរួមលើកស្ទួយតម្លៃតំបន់អង្គរ ហើយរាល់ការដាក់ពាក្យស្នើសុំ គឺពុំមានបង់ថវិកាឡើយ ។


យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបសង់ផ្ទះរួចបានមានប្រសាសន៍ថា ខ្ញុំបានស្នើសុំច្បាប់សាងសង់ផ្ទះមិនមានការលំបាកទេ ត្រឹមតែ១ខែ គេចេញច្បាប់ឱ្យធ្វើ ព្រោះខ្ញុំមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខខណ្ឌដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដូចជា ខ្ញុំជាអ្នកស្រុកចាស់រស់នៅតាំងពីឆ្នាំ១៩៨០មក ហើយមានខ្នងផ្ទះចាស់ មានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ មានសៀវភៅគ្រួសារ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ មុននិងក្រោយការអនុញ្ញាតច្បាប់សាងសង់ អាជ្ញាធរជាតិអប្សរាបានចុះមកពិនិត្យ ថតរូប ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗ ពួកខ្ញុំបានសុំច្បាប់សាងសង់តាមរយៈមេភូមិ ហើយមិនមានជួបការលំបាកអីទេ ព្រោះខ្ញុំភ្ជាប់ជាមួយឯកសារដែលគេត្រូវការត្រឹមត្រូវ ។

មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរា បានជួយសម្របសម្រួល គូសប្លង់បច្ចេកទេស និងរចនាបទផ្ទះបែបខ្មែរឱ្យខ្ញុំទៀតផង ។ ចំពោះការដាក់ពាក្យស្នើសុំវិញ ក៏ពុំមានការបង់ប្រាក់ដែរ ហើយខ្ញុំក៏គោរពទៅតាមការស្នើសុំទាំងម៉ូតផ្ទះ ទំហំ របង មិនឱ្យលើសពីច្បាប់ស្នើសុំនោះទេ ។ ប្រជាលពលរដ្ឋនៅទីតាំងនោះផ្ទាល់ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរទាំងអស់ មុនធ្វើផ្ទះ ធ្វើសំណង់អ្វីមួយត្រូវគោរពតាមច្បាប់ ត្រូវមានឯកសារគ្រប់គ្រាន់ និងស្របតាមលក្ខខណ្ឌកំណត់របស់អាជ្ញាធរជាតិអប្សរានោះ មិនមានផលលំបាកក្នុងការស្នើសុំសាងសង់ទេ ហើយចៀសវាងការលួចធ្វើតាមចិត្តឯង ដែលនាំឱ្យប៉ះពាល់ដល់តម្លៃរមណីយដ្ឋានអង្គរនិងផលប្រយោជន៍របស់ខ្លួន ដែលនេះហាក់បញ្ជាក់អំពីការយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ច និងការចូលរួមសាមគ្គីគ្នារបស់ប្រជាពរលដ្ឋដើម្បីរស់នៅក្នុងសង្គមសន្តិភាពមួយដែលមានតម្លៃមិនអាចវាស់ស្ទង់បាន ៕ ដោយ KC 01