មន្រ្តីនគរបាលចរាចរណ៍ចំនួន៤នាក់ត្រូវបានដកបញ្ឈរជើង ក្រោយប្រើអំពើហិង្សាលើអ្នកបើកបររថយន្តល្មើសច្បាប់

24

ស្វាយរៀង៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចដកបញ្ឈរជើង មន្រ្តីនគរបាលចរាចរណ៍៤នាក់ បន្ទាប់ពីកើតមានអំពើហិង្សា រវាងមន្ត្រីនគរបាលចរា​ចរណ៍ និងអ្នកបើកបររថយន្តល្មើសច្បាប់ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងថា មន្រ្តីនគរបាលចរាចរណ៍បានដាក់គោលដៅត្រួតពិនិត្យល្បឿន លើផ្លូវជាតិលេខ១ ចន្លោះគី​ឡូ​ម៉ែត្រលេខ១១៦-១១៧ បានពិនិត្យឃើញរថយន្តម៉ាក ស៊ីណា ពាក់ស្លាកលេខភ្នំពេញ 2BI-6754 បើកបរដោយឈ្មោះ លាស់ ពុធធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកឡានតាក់ស៊ី ដោយប្រើប្រាស់ល្បឿន ៩៦គីឡូម៉ែត្រក្នុង១ម៉ោង ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់រថយន្តនេះ ប៉ុន្តែអ្នកបើកបរបានបើករត់គេចចូលតាមផ្លូវលំ ទើបសមត្ថកិច្ចដេញតាម រួចអញ្ជើញអ្នកបើកបរឱ្យមកប៉ុស្តិ៍រដ្ឋបាល តែអ្នកបើកបរមិនព្រមមកតាមសមត្ថកិច្ចទេ រហូតមានការប៉ះទង្គិចជាអំពើហិង្សា តែម្តង ។ ក្រោយមកអ្នកបើកបរបានយល់ព្រមទទួលការផាកពិន័យតាមច្បាប់ ។ ចំណែកសមត្ថកិច្ចបានសុំទោស និង សម្រប​សម្រួលគ្នាជាមួយអ្នកបើកបរ ។

ទោះជាយ៉ាងណាក្ដី មន្រ្តីគរបាលចរាចរណ៍ទាំង៤នាក់ខាងលើ ត្រូវបានលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចបញ្ជាឱ្យដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់វិន័យ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕