ក្រុមគ្រួសារសពយុវជនម្នាក់ដែលត្រូវមន្ត្រីយោធាបាញ់ស្លាប់នៅខណ្ឌសែនសុខបន្តទួញយំព្រោះមិនទទួលបានយុត្តិធម៌

59

ភ្នំពេញ៖ ក្រុមគ្រួសារសពយុវជនម្នាក់ដែលត្រូវបានមន្ត្រីយោធាឈ្មោះ សៅ សុខុន ជាខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបន្តទួញយំបង្ហោះតាមបណ្តាញសង្គម ព្រោះមិនទទួលបានយុត្តិធម៌ ត្រឹមត្រូវពីក្រុមគ្រួសារជនល្មើស ។

ក្នុងវីដេអូឃ្លីបដែលត្រូវបានចែកចាយតាមបណ្តាញសង្គមមានរយៈពេលជាង២០ នាទី លោកស្រី រិទ្ធ ស៊ីវណ្ណារ៉ា ដែលត្រូវបងស្រីសពយុវជននោះ បន្តទួញយំរៀបរាប់ថា ករណីបាញ់សម្លា.ប់ប្អូនប្រុសរបស់លោកស្រី គឺជាករណីមានចេតនាធ្វើឃាតទាំងស្រុង ព្រោះកន្លងមកនេះ ប្អូនប្រុសរបស់លោក ស្រី មិនដែលប្រព្រឹត្តិល្មើសច្បាប់នោះទេ។

លោកស្រីបន្តថា លោកស្រីមានភស្តុតាង និងសក្សីគ្រប់គ្រាប់ក្នុងករណីខាងលើនេះ តែបែខាងក្រុមគ្រួសារជនល្មើសមានបំណងសងសំណងជំងឹចិត្តតែ ២ពាន់ដុល្លារ ប៉ុណ្ណោះ ដែលតម្លៃនេះ មិនស្មើនឹងតម្លៃកង់ឡានដែលក្រុមគ្រួសារជនល្មើសជិះនោះទេ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានខ្មាន់កាំភ្លើងជិះរថយន្ត Lexus 570 ដែលត្រូវគេស្គាល់ឈ្មោះ សៅ សុខុនជាមន្ត្រីយោធា បានបាញ់នៅចំណុចម្តុំសាលា IU ក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាល ឱ្យយុវជន ឈ្មោះ រិទ្ធិ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវចំនួន២គ្រាប់ចំខ្នងធ្លាយមកទ្រូងបណ្ដាលឲ្យដួលស្លាប់នៅចិញ្ចើមផ្លូវភ្លាមៗតែម្ដង ។

ក្រោយមានហេតុការណ៍នេះកើតឡើងខ្មាន់កាំភ្លើងបានបើកឡានរត់គេចខ្លួនទៅដល់គេហដ្ឋានរបស់ខ្លួននៅម្តុំបឹងកក់ តែសមត្ថកិច្ចបានកំណត់នូវមុខសញ្ញាបាន ទើបទៅឡោមព័ទ្ធផ្ទះរបស់ខ្មាន់កាំភ្លើងហើយខ្មាន់កាំភ្លើងក៏ព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចតែម្តង។ មហាជនដែលបន្តការតាមដានរឿងនេះកើតជាចំងល់ថា បាញ់សំដៅចំគោលដៅរហូតដល់ទៅ២គ្រាប់ ហេតុអ្វីតុលាការលើកបទបោតត្រឹមតែឦនុស្សឃាតដោយអចេតនា?