រដ្ឋមន្ត្រីកសិកម្មប្រើវិធីសាស្ត្រ២យ៉ាងដើម្បីដោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្ម ៖..

10

កែប៖ ទីផ្សារផលិតផលកសិកម្ម មិនមានស្ថិរភាពនោះទេ នៅពេលដែលមានការដាំដុះ ការចិញ្ចឹម ការប្រមូលផលបានច្រើន នឹងធ្វើឱ្យតម្លៃទីផ្សារតែងធ្លាក់ចុះ តួយ៉ាងដូចជាបញ្ហាស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។ ដើម្បីដោះស្រាយ ក្រសួងបាននិងកំពុងប្រើប្រាស់វិធីសាស្ត្រពីរយ៉ាងគឺការប្រើវិធានការសរុប និងកំណែទម្រង់ក្មុងវិស័យកសិកម្ម។

នេះ គឺការលើកឡើងរបស់ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅក្នុងដំណើរអញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនៈភាពការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីអាស្ពាយ (ASPIRE)ខេត្តកែប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិ ចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ឯកឧត្តមថ្លែងបន្តថា ការងារកសិកម្មមានភាពស្មុគស្មាញទាំងការផលិត និងការលក់ចេញទៅកាន់ទីផ្សារ។ កន្លងមកផលិតផលកសិកម្ម គ្មានស្ថិរភាពទីផ្សារនោះទេ នៅពេលការដាំដុះ ការចិញ្ចឹម ការប្រមូលផលបានច្រើន តម្លៃផលិតផលកសិកម្មទាំងនោះតែងធ្លាក់ថ្លៃ។

ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ថា ការប្រើវិធានការសរុប គ្រាន់តែជាមធ្យោយបាយសម្រាប់ដោះស្រាយបញ្ហាទីផ្សារ បណ្តោះអាសន្នប៉ុណ្ណោះ ក្រសួងនឹងប្រើវិធីសាស្ត្រមួយទៀត ដើម្បីធានាដល់និរន្តរភាព ឬស្ថិរភាពទីផ្សារ នោះគឺការធ្វើកំណែទម្រង់នៅក្នុងវិស័យកសិកម្មទាំងមូល ក្នុងនោះលើកទឹកចិត្តឲ្យមានការចូលរួមសហការគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងនឹងធ្វើកសិកម្មតាមបច្ចេកទេស ធ្វើតាមយុទ្ធសាស្ត្រ ធ្វើតាមតម្រូវការទីផ្សារ។

ក្នុងនោះ ឯកឧត្តម ក៏បានជំរុញដល់ប្រជាកសិករ ត្រូវបន្តខិតខំដាំដុះ បន្លែ ដំណាំដោយកាត់បន្ថយការប្រើប្រាស់សារធាតុជីគីមីឲ្យនៅតិចបំផុត ទើបទីផ្សារលក់បានថ្លៃ។ ហើយចំពោះការចិញ្ចឹមសត្វ ត្រី ជ្រូក មាន់ ទា ជាដើម ត្រូវព្យាយាមទាក់ទងទៅមន្ត្រីជំនាញ ឬអ្នកបច្ចេកទេសដើម្បីសិក្សាស្វែងយល់បន្ថែម ចំណុចខ្វះខាត ព្រោះកម្ពុជាបច្ចុប្បន្នមិនអាចបន្តធ្វើកសិកម្មតាមលក្ខណៈប្រពៃណី ឬពឹងផ្អែកទៅលើធម្មជាតិទាំងស្រុងទៀតបានទេ។

ទីផ្សារវិស័យកសិកម្មកម្ពុជា បើទោះស្ថិតនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្តី ក៏ប៉ុន្តែ ជារៀងរាល់ឆ្នាំ ប្រជាកសិករ តែងតែជួបបញ្ហាប្រឈម នៅពេលដែលដល់រដូវប្រមូលផលព្រមគ្នា។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលតែងតែដាក់ចេញវិធានការេ និង បញ្ចេញទុនដើម្បីប្រមូលទិញពីកសិករ ។ ជាក់ស្តែងកាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានប្រកាសពីការផ្តល់ថវិកាបន្ថែម ចំនួន១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា៕