កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើម នៅខេត្តសៀមរាប ឆ្នាំ២០២២៖…

12

សៀមរាប៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្តើម និង ប្រព្រឹត្តទៅពេញមួយ១ថ្ងៃ ក្រោមមូលបទ សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រមុខរដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន៩ អវត្តមានរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា និងមានការចូលរួមពី អគ្គលេខាធិការអាស៊ាន។

ថ្លែងបើកកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិ នាឪកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការរំលែកទុក្ខ និងការសោកស្តាយ ចំពោះគ្រោះមហន្តរាយរញ្ជួយដី នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចពិជ័យសេនា ក៏បានសំដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងការដោះស្រាយកង្វល់រួមផ្នែកសន្តិសុខ ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន គិតគូរអំពីវិធីដោះស្រាយតទៅមុខទៀត ថែរក្សាសន្តិភាព ស្ថិរភាព និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងកាន់តែរឹងមាំថែមទៀត ជាមួយបណ្ដាប្រទេសដៃគូសន្ទនា។ ទាំងអស់នេះ គឺពិតជាការឆ្លុះបញ្ចាំងពីស្មារតីនៃការស្ថិតនៅជាមួយគ្នាក្នុងបរិយាបន្ន ការបើកចំហរនិងការសំឡឹងមើលទៅក្រៅរបស់អាស៊ាន។

សម្តេចថ្លែងថា « យើងគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ និងវិធានការទាំងឡាយ ដែលបានព្រមព្រៀង និងអនុម័ត នៅក្នុងកិច្ចប្រជុំនោះ ជាពិសេសសេចក្ដីថ្លែងការណ៍នៃចក្ខុវិស័យ មេដឹកនាំអាស៊ាន ស្ដីពីអាស៊ានអាក់ត៍ (ASEAN A.C.T.) សេចក្ដីថ្លែងការរបស់មេដឹកនាំអាស៊ាន ស្ដីពីចក្ខុវិស័យនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ការបើកចំហរ របស់អាស៊ាន ព្រមទាំងវិធានការផ្សេងៗមួយចំនួនទៀតដែលពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងសមាជិកភាពរបស់ទីម័រខាងកើត»។

សម្តេចពិជ័យថ្លែងបន្តថា «យើងពិតជាមានមោទនភាពណាស់ ដែលក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ADMM បានក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍សម្រាប់កិច្ចសន្ទនា ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន»។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ជាការពិតខណៈពេលដែលតំបន់របស់យើងបាននឹងកំពុងប្រឹងងើបឡើងវិញពីវិបត្តិកូវីដ១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើង។ តាមពិតទៅការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោកទាំងមូល។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំចាប់តាំងពីការបង្កើតឡើងមក ADMM តែងតែប្រឈមមុខ
នឹងបញ្ហាមួយចំនួន។ នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហាជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជាជន។បញ្ហាប្រឈមទាំងអស់នេះបង្ហាញពីតម្រូវការខ្ពស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតីសាមគ្គីភាពដ៏រឹងមាំ របស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តែម្នាក់ឯង បានទេ។

កិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ ក្រោមប្រធានបទ សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម បានបញ្ជាក់សារជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់ ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិតលូតរបស់ ADMM ដែលជាយន្តការគន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់អាស៊ាន ជាពិសេសក្តីកង្វល់សន្តិសុខមិនប្រពៃណី ដូចជាគ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល។ នៅក្នុងកិច្ចប្រជុំ ADMM លើកទី១៦ កាលពីខែមិថុនា បានឯកភាពគ្នា ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ក៏ដូចជាការបំពេញនូវចន្លោះប្រហោង ដែល មិនធ្លាប់បានគិតគូរពីមុន។គំនិតផ្តួចផ្តើមថ្មីទាំងនេះ នឹងបំពេញបន្ថែមនូវអ្វីដែលមានស្រាប់។ សមិទ្ធផលទាំងនេះ ពិតជាមិនអាចសម្រេចបានទេ បើគ្មានការគាំទ្រឥតឈប់ឈរ ពីរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំងអស់ ចំពោះតួនាទីជាប្រធាន ADMM របស់កម្ពុជា៕