ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ខណៈដែលនៅសល់តែ៧ខែទៀតនឹងមានសេរីភាពឡើងវិញ

48

ខេត្តស្ទឹងត្រែង៖ ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ ជាប់ពន្ធនាគារបាន៦ឆ្នាំ ៦ខែ បែរជាត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្រោយដឹកចេញពីពន្ធនាគារទៅសង្គ្រោះបន្ទាន់ ខណៈមានអាការ:ថប់ៗដង្ហើម ក្រោយមកដល់មន្ទីរពេទ្យបង្អែកខេត្តមួយសន្ទុះ គ្រូពេទ្យបានពិនិត្យនិងព្យាបាលអាការ: ទណ្ឌិតរូបនេះបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលវេលាម៉ោង១១៖០០នាទី នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០២០ ។

តាមការលើកឡើងពីឪពុក ទណ្ឌិតឈ្មោះ សេក សុភ័ក្ត្រ អាយុ៣៥ឆ្នាំ បាននិយាយថា កូនរបស់គាត់ដែលជាប់ពន្ធនាគារនោះ មិនបានឈឺអ្វីធ្ងន់ធ្ងរទេ គ្រាន់តែវិលមុខបន្តិចបន្តួចតែប៉ុណ្ណោះ ហើយខាងពន្ធនាគារក៏បញ្ចូនមកពេទ្យខេត្តចាក់ថ្នាំដាក់សេរ៉ូម ហើយក៏ក្អួតចង្អោរដាច់ខ្យល់ស្លាប់តែម្តង ។

ជុំវិញរឿងនេះលោក ឈួន ដារ៉ា ប្រធានអនុរក្សពន្ធនាគារខេត្តបានឱ្យដឹងថា ជនរងគ្រោះជាទណ្ឌិតឈ្មោះ សេក សុភ័ក្ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រពាំងថ្លុង ឃុំត្រពាំងថ្លុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៦ឆ្នាំ និង៦ខែ ពីបទជួញដូរថ្នាំញៀន ។ លោកបញ្ចាក់ទៀតថា ទណ្ឌិតរូបនេះត្រូវបានអនុវត្តទោសរបស់ខ្លួនបានជាង​៥ឆ្នាំមកហើយ ពោលនៅសល់តែ៧ខែទៀតតែប៉ុណ្ណោះ ទណ្ឌិតរូបនេះនឹងត្រូវបានរួចទោសឱ្យមានសេរីភាពឡើងវិញ ។

លោកប្រធានអនុរក្សពន្ធនាគារបានបន្តថា មុនពេលទណ្ឌិតរូនេះស្លាប់បាត់បង់ជីវិត ក្រោយពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត លោកថាទណ្ឌិតរូបនេះមានអាការៈឈឺស្រែក រ៉ើប្រកាច់មិនអាចសង្គ្រោះបានក្រោយពេលមន្ត្រីអនុរក្ស ជួយធ្វើចលនាមួរម៉ងជាមួយក្រុមគ្រូពេទ្យប្រចាំពន្ធនាគារ ក៏សម្រេចបញ្ជូនទណ្ឌិតខាងលើ ទៅមន្ទីរពេទ្យបង្អែកខេត្ត នៅម៉ោង១១៖៤៧នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិការ ក្រោយមកនៅម៉ោង១២៖៤៨នាទីយប់ ឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ ខាងមន្ទីរពេទ្យបានរាយការណ៍មកថា ទណ្ឌិតខាងលើត្រូវបានដាច់ខ្យល់ស្លាប់ទៅហើយ ហើយលោកក៏បានរាយការណ៍ទៅលោក គឹម ហុងសាន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងផងដែរ ។

ទាក់ទិនការស្លាប់របស់ទណ្ឌិតខាងលើ លោក អ៊ុក មឿន នាយការិយាល័យកោសលវិច័យនៃស្នងការដ្ឋាននគបាលខេត្ត បានឪ្យដឹងថា ជំហ៊ានដំបូងក្រោយការពិនិត្យទៅលើសាកសពជនរងគ្រោះខាងលើ ឃើញមានស្នាមទ្រុឌ នៅនិងកញ្ជឹង ក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះ មិនអាចបណ្ដាលឱ្យជនរងគ្រោះស្លាប់បាននោះទេ ។ ហើយក្នុងការពិនិត្យនេះដែរដោយមានការអញ្ចើញចូលរួម ជាមួយវិជ្ឆបណ្ឌិតលោក ហុង ហៃ និងកញ្ញាវិជ្ជបណ្ឌិត ញឹម ចាន់លក្ខិណា ទៅលើជនរងគ្រោះដែលស្លាប់នោះ និងមានការសម្របសម្រួលពីលោក គឹម ហុងសាន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ ។ ក្រោយធ្វើការពិនិត្យសាកសពរួច អាចសន្និដ្ឋានបានថា ស្លាប់ដោយសារគាំងបេះដូង ហើយមន្ត្រីជំនាញក៏បានប្រគល់សាកសពជូនឪពុកម្ដាយបងប្អូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើត ទៅតាមប្រពៃណី ៕ ដោយ៖KC.36