ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីបំភ្លឺ ក្រោយមានការរិះគន់ទៅលើភាពយឺត​យ៉ាវនៃការអន្តរាគមរបស់នគរបាលប៉ុស្ដិ៍ ករណីចោរលួចម៉ូតូរួចយកទៅដាក់នៅកន្លែងដាក់ផ្ញើក្រោយមន្ទីរពេទ្យកាល់ម៉ែត

64

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបកស្រាយមួយ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃទៅលើភាពយឺតយ៉ាវនៃការអន្តរាគមរបស់នគរបាលប៉ុស្តិ៍ ដែលធ្វើឱ្យមុខសញ្ញាសង្ស័យរត់រួចពីសំណាញ់ច្បាប់​ ក្នុងករណីចោរលួចម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត រួចយកទៅទុកនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ។

នេះបើយោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងក្នុងសំណេរ​យ៉ាងដូច្នេះថា ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យឃើញថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានករណីចោរកម្មកើតឡើងនៅចំណុចកន្លែងដាក់ផ្ញើម៉ូតូនៅចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត ហើយករណីនេះត្រូវបានមហាជន និងបណ្ដាញទំនាក់ទំនងសង្គមស្ដីបន្ទោសទៅលើភាពយឺតយ៉ាវនៃការអន្តរាគមរបស់នគរបាលប៉ុស្តិ៍ ដែលធ្វើឱ្យមុខសញ្ញាសង្ស័យរត់រួចពីសំណាញ់ច្បាប់ ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានកោះអញ្ជើញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរ​បាលខណ្ឌដូនពេញដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើនេះ ។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានបំភ្លឺថា កាលថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២០​ វេលាម៉ោង ១២:៣០នាទី​ មានជនរងគ្រោះ០២នាក់ បានមកទំនាក់ទំនងជាមួយប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នើសុំអន្តរាគមន៍ពីមន្ត្រីជំនាញដើម្បីទៅយកម៉ូតូ០១គ្រឿងដែលចោរបានលួច និងរកឃើញនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី កាន់​ វណ្ណៈ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក​ បានត្រួតពិនិត្យលើពាក្យ​បណ្តឹងរបស់ជនរងគ្រោះឃើញថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ពាក់ព័ន្ធនឹងករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម​ ផ្លាកលេខ 1IM-3686 ។ បន្ទាប់ពីសួរនាំព័ត៌មានពាក់ព័ន្ធនឹងម៉ូតូខាងលើ ដើមបណ្ដឹងទាំងពីរបានបញ្ជាក់ថាពួកគាត់បានរកឃើញម៉ូតូរបស់គាត់ខាងលើនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ លោកនាយប៉ុស្តិ៍ កាន់​ វណ្ណៈ​ បានទូរស័ព្ទទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ ជួយសហការរារាំងជនណាដែលមានបំណងមកយកម៉ូតូដែលមានភិនភាគដូចខាងលើ ។​

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា លោកនាយប៉ុស្តិ៍នគរបាលបានឲ្យជនរងគ្រោះទាំងពីរនាក់ទៅរង់ចាំនៅកន្លែងផ្ញើរម៉ូតូនោះមុន ហើយលោកបានទំនាក់ទំនងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីចុះបង្ក្រាបករណីនេះ ។ បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនឹងម៉ូតូខាងលើរួចមក ពិនិត្យឃើញថាមានភាពត្រឹមត្រូវ កម្លាំងប៉ុស្តិ៍បានដកហូតម៉ូតូពីកន្លែងផ្ញើនោះ និងបានបំពេញបែបបទប្រគល់ឲ្យជនរងគ្រោះជាម្ចាស់កម្មសិទ្ធិនោះវិញ ។ ទន្ទឹមនឹងនោះ ជនរងគ្រោះខាងលើ មានសេចក្តីត្រេកអរ ដោយបានរកម៉ូតូឃើញវិញ និងអរគុណចំពោះមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ ដែលបានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ រារាំងមិនឱ្យជនល្មើសយកម៉ូតូចេញពីទីនោះបាន ។ ដោយឡែក កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក និងខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាសង្ស័យខាងលើ ដើម្បីមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ។

បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈជនដែលបានចូលរួមចំណែកក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ និងសូមទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងរាជធានីភ្នំពេញ ​៕