កម្ពុជាប្រើប្រាស់ រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន

70

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពានផងដែរ ដើម្បីសម្រួលលើការងារត្រួតពិនិត្យ និងថែទាំស្ពាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពេលដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានព្រែកតាមាក់កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឱ្យដឹងថា ការប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងរ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន នេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត្យជាងការចុះពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមកដែលដោយគ្មានឧបករណ៍ប្រភេទនេះ។

ឯកឧត្តមបន្តថា រថយន្តដែលបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណ១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចុះទៅពិនិត្យដោយផ្ទាល់នូវសំណង់បាតស្ពានផ្នែកខាងក្រោមនៃស្ពានព្រែកតាមាក់ តាមរយៈរថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានមួយនេះ ដើម្បីពិនិត្យឱ្យដឹងថាស្ពានមានស្នាមប្រេះស្រាំ និងបញ្ហាខូច ឬយ៉ាងណា។

សូមបញ្ជាក់ថា ការចុះពិនិត្យរបស់ឯកឧត្តម ស៊ុន ចាន់ថុល នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ស្ពានព្រែកតាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរបៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស៕