គម្រោងអភិវឌ្ឍ ក្រោមឥនទានADB ចំនួន ៣ នៅខេត្តកែប បានបញ្ចប់ ១គម្រោង ខណៈ២គម្រោងទៀតកំពុងដំណើរការ

38

កែប៖ គម្រោងអភិវឌ្ឍ ក្រោមឥនទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) ចំនួន ៣ នៅខេត្តកែប មានទីលានកប់សំរាម បានសម្រេចការសាងសង់រួចរាល់ជាស្ថាពរ គម្រោងផ្លូវប្របមាត់សមុទ្រ សម្រេចការសាងសង់ជាង៤០% ខណៈគម្រោងកំពង់ផែទេសចរណ៍លើកោះទន្សាយ ទើបតែដំណើរការសាងសង់បានតែជាង១០%ប៉ុណ្ណោះ បើគិតមកទល់ពេលនេះ។

នេះបើយោងតាមការផ្តល់បទសម្ភាសន៍របស់ លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក កំឡុងពេលដែលក្រុមការងាររបស់លោក និង តំណាងADB ជាមួយតំណាងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពលើការស្ថាបនាគម្រោងទាំង៣នេះ។

លោក វ៉ៅ សុខា ថ្លែងថា គម្រោងទាំង ៣ ខាងលើនេះ ស្ថិតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងអភិវឌ្ឍ ក្រោមឥនទានADB ចំនួន ៣ នៅខេត្តកែប

លោកបន្តថា តាមរយៈគម្រោងទាំងនេះ ពិតណាស់ប្រាកដជាជួយជំរុញដល់ដំណើរការអភិវឌ្ឍន៍របស់ខេត្តទាំងមូល ជាពិសេសអភិវឌ្ឍន៍វិស័យទេសចណ៍ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងកំណត់អភិវឌ្ឍន៍ប៉ូលទេសចរណ៍ភាគនារតី ដែលមានខេត្តកែបជាទិសដៅសំខាន់មួយដែរ។

យ៉ាងណាលោកបានជំរុញអោយបណ្តាក្រុមហ៊ុនដែលដេញថ្លៃបានក្នុងការអនុវត្តន៍គម្រោង២ទៀតមាន ផ្លូវប្របមាត់សមុទ្រ និងកំពង់ផែទេសចរណ៍កោះទន្សាយ ធ្វើយ៉ាងណាពន្លឿនការសាងសង់របស់ខ្លួនដើម្បីអោយស្របទៅតាមកាលបរិច្ឋេទនៃការបញ្ជប់គម្រោងទាំងនេះ។

គម្រោងអភិវឌ្ឍ ក្រោមឥនទានADB ចំនួន ៣ នៅខេត្តកែប

គម្រោងអភិវឌ្ឍទាំង៣ខាងលើ នេះ បានទុនអនុវត្តន៍តាមរយៈឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទឹកប្រាក់ចំនួន ៣០លានដុល្លារ និងបដិភាគថវិការរបស់រដ្ឋាភិបាលជាង៨០ម៉ឺនដុល្លារ។ ក្នុងនោះទីលានកប់សំរាមចំណាយថវិការប្រមាណ ៧លានដុល្លារ គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ទឹកប្រាក់ប្រមាណ ១០,៥លានដុល្លារ គម្រោងសាងសង់កំពង់ផែទេសចណ៍ និងទីកន្លែងទេសចរណ៍ នៅលើកោះទន្សាយ ក្នុងទឹកប្រាក់ប្រមាណ ១,៦លានដុល្លារ៕

គម្រោងអភិវឌ្ឍ ក្រោមឥនទានADB ចំនួន ៣ នៅខេត្តកែប