ងារជាឧកញ៉ាម្ចាស់ក្រុមហ៊ុន ហុង ស៊ីងឡូជីស្ទីក ប្តឹងអតីតបុគ្គលិកក្រុមហ៊ុន៣ នាក់ ក្រោយដាក់ពាក្យលាឈប់ តាមច្បាប់ត្រឹមត្រូវ ទៅតុលាការពីបទរំលោភសេចក្តីទុកចិត្តនិងផ្សំគំនិត

147

ភ្នំពេញ÷ អតីតបុគ្គលិកក្រុមហ៊ុនឯកជនចំនួន៣នាក់នៃក្រុមហ៊ុន ហុង ស៊ីងឡូជីស្ទីក របស់ លោកឧកញ៉ា លី អៀវ កំពុងរងសម្ពាធតាមផ្លូវច្បាប់ ដោយសារថៅកែរបស់ខ្លួនរូបនេះ ប្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផង និងប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញផង បន្ទាប់ពីពួកគេទាំង៣នាក់ បានដាក់ពាក្យសុំលាឈប់ពីការងារតាមផ្លូវច្បាប់ដោយសំអាងហេតុផលរៀងៗខ្លួន ។

យោងតាមដីកាកោះហៅអតីតបុគ្គលិកក្រុមហ៊ុន ហុង ស៊ីងឡូជីស្ទីក ចំនួន 3 នាក់ឲ្យចូលខ្លួនបំភ្លឺ ចុះថ្ងៃទី២១ ខែកញ្ញា ២០២២ របស់ព្រះរាជអាជ្ញារងលោក ឆាយ ហុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមាន
ទី១-ឈ្មោះ ផុង គឹមឈាន ភេទស្រី កើតនៅ១៩៨៧ ទី២ ឈ្មោះ ស៊ិន ចាន់ចរិយា ភេទស្រី កើតឆ្នាំ ១៩៨៨ និងទី៣-ឈ្មោះ សេក វិច្ឆិកា ភេទប្រុស កើតឆ្នាំ ១៩៨៧ ត្រូវចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី6 ខែតុលាឆ្នាំ 2022 កន្លងមក ដើម្បីបំភ្លឺលើករណីបណ្ដឹងរបស់មេធាវីឈ្មោះ សន គីណាល់ តំណាងឲ្យក្រុមហ៊ុន ហុង ស៊ីងឡូជីស្ទីក ដែលមានទីតាំងនៅ ផ្លូវ286 កែងនឹងផ្លូវ 516 សង្កាត់បឹងកក់1 ខណ្ឌ ទួលគោគ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ អតីតបុគ្គលិកទាំងបីនាក់ខាងលើ បានមកដល់ទីតាំង និង ស្នើសុំឱ្យអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយជូនពួកគាត់ ដើម្បីឱ្យស្ថាប័នតុលាការមេត្តាជួយរកយុត្តិធម៌ ហើយក៏សំណូមពរដល់ភាគីក្រុមហ៊ុនបញ្ចប់រឿងនេះ ព្រោះថា រឿងនេះមិនជាធំដុំនោះទេ អាណិតពួកគាត់ធ្លាប់ជាបុគ្គលិកស្លូតត្រង់ ទុកពេលឲ្យពួកគាត់ប្រកបអាជីវកម្មចិញ្ចឹមគ្រួសារខ្លះផង ព្រោះក្នុងអំឡុងពេលដែលពួកគេពបំពេញការងារការពួកគេមិនដែលបានប្រព្រឹត្តិផ្ទុយ ឬ យកលុយរបស់ក្រុមហ៊ុននោះដែរ។

ជាមួយគ្នានេះ អតីតបុគ្គលិកទាំងបីនាក់បានឲ្យដឹងទៀតថា ក្រៅពីក្រុមហ៊ុនប្ដឹងទៅតុលាការ កន្លងមកក្រុមហ៊ុនក៏ប្ដឹងទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្ដងរួចទៅហើយ កាលពីថ្ងៃទី 31ខែសីហាឆ្នាំ 2022 ហើយពួកខ្លួនក៏បានពឹងមេធាវីពន្យាពេលដើម្បីដោះស្រាយដោយសន្តិវិធី ផងដែរ។

ទោះជាយ៉ាងណា ក្នុងរឿងរ៉ាវនេះមានតែក្រុមអ្នកច្បាប់ប៉ុណ្ណោះដែលអាចធ្វើការពន្យល់បានក្នុងករណីដែលបុគ្គលិកសុំលាឈប់ពីការងារ ដោយគ្រាន់តែសុំឈប់ ហើយក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនអ្វីនោះឡើយទេ តែថៅ
កែក្រុមហ៊ុនគំរាមគំហែងទាមទារអោយសងទាំងប្រាក់ឧបត្ថមផ្សេងៗដូចជា លុយចូលបុណ្យ លុយធានារ៉ាប់រង និងលុយឧបត្ថមផ្សេងៗទាំងអស់ (បុគ្គលិកមិនចង់មានបញ្ហាក៏ព្រមសងទំាងអស់ទៅវិញរួចហើយដែរ) ហើយថែមទាំងដកហូតទូរស័ព្ទផ្ទាល់ខ្លួនចំនួន2គ្រឿង និង មិនបើកប្រាក់ខែ ខែចុងក្រោយអោយថែមទៀតផង ។
ករណីខាងលើនេះ អង្គភាពរបស់យើងខ្ញុំ រងចាំការបកស្រាយ និងពន្យល់ពី លោកឧកញ៉ា លី អៀវ ដែលជាអគ្គនាយកក្រុមហ៊ុន ហុង ស៊ីងឡូជីស្ទីក នេះ ៕