មនុស្ស៣នាក់ បានស្លា.ប់ និងមនុស្ស១នាក់ទៀត រងរបួស ដោយសារឆេះក្លឹបកម្សាន្តមួយកន្លែងនៅក្រុងសៀមរាប

9

ខេត្តសៀមរាប៖ ក្លឹបកម្សាន្តក្រោមដីមួយកន្លែង ឈ្មោះ អេលីត ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងប្រមាណជិត៨យប់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារឆ្លងចរន្ដអគ្គិសនី ខណៈពេលដែលបុគ្គលិកកំពុងធ្វើការហាត់សមត្រៀម ដើម្បីត្រៀមបើកដំណើរការឡើងវិញនោះ ។

នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ ក៏មានវត្តមានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះទៅពិនិត្យ និងដឹកនាំផ្ទាល់ផងដែរ ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា ក្លិបអេលីតនេះ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល៣ថ្ងៃមក នេះ បុគ្គលិកបានចាប់ផ្ដើមធ្វើការសាកល្បង និងហាត់សម ដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គិភ័យនេះតែម្តងទៅ ដែលករណីអគ្គិភ័យនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មានការឆ្លងចរន្តអគ្គិសនី ហើយបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរតែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា អគ្គិភ័យតែងតែកើតឡើងគ្រប់ពេល ប្រសិនបើយើងមានការធ្វេសប្រហែស ដូច្នេះ សូមឲ្យក្លិបកម្សាន្តទាំងអស់មុននិងបើកដំណើរការឡើងវិញ ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពិនិត្យមើលបច្ចេកទេសឱ្យបាន សមស្រប ព្រោះឥឡូវនេះ ជាបញ្ហាមួយជាក់ស្តែងឃើញថា បុគ្គលិកមួយចំនួនបានមកធ្វើការតេស្តសាកល្បង ដែលមិនបានធ្វើឱ្យគ្រោះថ្នាក់កើតឡើងច្រើន ហើយបើសិនជាគាត់លួចបើក មានភ្ញៀវចូលមិនដឹងជាគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុណ្ណានោះទេ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់នោះ រួមមាន ៖ ១. ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុស អាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិ បន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត បានស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យខេត្ត , ២. ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត រងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត , ៣. ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរអ្នកចំរៀង បានស្លាប់ និង ៤. ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ បានស្លាប់ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា អគ្គិភ័យនៅក្លឹបកម្សាន្តនេះ មិនបណ្ដាលឱ្យឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេៗងនៅក្បែនោះទេ ដោយ សារមានការអន្ដរាគមន៍ឡានទឹកទាន់ពេល ហើយពីមុនមានឈ្មោះ ELIT Club Party ប៉ុន្ដែបានដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតវីញ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ៕