អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលា ស្ដីពី«ការិ​យា​ល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញ មកពីខេត្តចំនួន០ ៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង

22

( ត្បូងឃ្មុំ )៖ នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី « ការិយាល័យព័ត៍មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៍មាន » ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល។


ក្នុងនោះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ មកពីខេត្តចំនួន ៤ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង មានសិក្ខាកាមសរុបចំនួន១៨០នាក់ ប្រព្រឹត្តិទៅរយះពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ អង្គសិក្ខាសាលានឹងធ្វើពិធីបិទ ក្រោមវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ ។


មានប្រសាសន៍នាឳកាសនោះ ឯកឧត្ដម ផៃ ស៊ីផាន បានសម្ដែងនូវអំណរគុណយ៉ាងខ្លាំង ដល់រដ្ឋបាលខេត្តត្បូងឃ្មុំដែលបានផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការរៀបចំសិក្ខាសាលា ស្ដីពីការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន ជូនដល់មន្ត្រីជំនាញខេត្តទាំង ៤ ដែលបានចូលរួមនាពេលនេះ ។


ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្តល់ភាពកក់ក្តៅដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទៈប្ដេជ្ញាយ៉ាងមោះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាននៅក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមគ្គុទ្ទេសដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងផងដែរថា តួនាទីនិងការទទួលខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹងពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា រួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គមជាតិមាតុភូមិរក្សាបាននូវសុខសន្តិភាព និងការចម្រើនឡើងថែមទៀត ។


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់នៅក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវធនធានដ៏សំខាន់លើវិស័យការងារជំនាញជាមន្ត្រី និងអ្នកនាំពាក្យរបស់ស្ថាប័នអង្គភាពសាធារណៈនៅក្នុងកម្រិតសមស្របមួយ ។


សូមជម្រាបថា សិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» គឺជាយន្តការដែលបានបង្ហាញពីទិសដៅព័ត៌មាននៅតាមភូមិសាស្ត្រ ជាក់ស្ដែងស្ដីអំពីបញ្ហានីមួយៗកើតឡើង និងការដោះស្រាយនៅថ្នាក់មូលដ្ឋានខេត្ត ស្រុក ឃុំសង្កាត់ ដើម្បីចូលរួមយ៉ាងជិតស្និទ្ធជាមួយនឹងរាស្ត្រ ឈរលើគោលការណ៍ឆ្លើយឆ្លងយ៉ាងជិតស្និទ្ធ រាស្ត្រ និងរដ្ឋ ដែលបង្កើតបាននូវទំនុកចិត្តការព្រមព្រៀង ការឯកភាពគាំទ្រប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិឆ្លើយទាន់ពេលវេលា ៕