ចោរលួចដែកពុម្ពសសរស្ពានរបស់ក្រុមហ៊ុនធ្វើស្ពានចិនសៀងហៃ សមត្ថកិច្ចចាប់ខ្លួនម្នាក់ និងរត់គេចខ្លួនម្នាក់

7

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចដែកពុម្ពសសរស្ពានរបស់ក្រុមហ៊ុនធ្វើស្ពានចិនសៀងហៃ កាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៥និង៣៧នាទីល្ងាចកន្លងទៅ នៅចំណុចការដ្ឋានសាងសង់ស្ពាន ភូមិ សិត្បូ សង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ឆវ័ន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកការដ្ឋានស្ពានចិនទី៩។ ចំណែកជនសង្ស័យ២នាក់ រួមមាន៖ ទី១- ឈ្មោះស្រ៊ុន សុខហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និង ទី២- មិនស្គាល់អត្តសញ្ញាណ និងទីលំនៅ(គេចខ្លួន)។ វត្ថុតាងចាប់យក ដែកពុម្ពសរសរស្ពានចំនួន១ដេីមនិងរទេះរុញធ្វេីពីដែកចំនួនមួយ។

សមត្ថកិច្ចបានបន្តទៀតថា៖ នៅវេលាកេីតហេតុខាងលេី ជនសង្ស័យបានធ្វេីសកម្មភាពលួចយកដែកសម្រាប់ចាក់ពុម្ពសសរស្ពាននៅការដ្ឋានសាងសង់ស្ពានរបស់ក្រុមហ៊ុនចិនសៀងហៃស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយដឹកតាមរទេះរុញយកទៅលក់ឱ្យអ្នកទិញអេតចាយ, តែអ្នកទិញអេតចាយមិនហ៊ានទិញទេីបជនសង្ស័យ រុញយកមកលាក់ទុកនៅជិតរបងវត្តសិត្បូ ហេីយត្រូវបានប្រជាពលរដ្ឋប្រទះឃេីញក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងយកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ដេីម្បីធ្វេីការស្រាវជ្រាវរកមុខសញ្ញាបន្ត ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១សមត្ថកិច្ចបានចុះបានស្រាវជ្រាវតាមរយ:កាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបាន និងឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ខាងលេីយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕