អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេ ស្រុកមុខកំពូល

37

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និង អាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេ ស្ថិតនៅភូមិព្រែកផ្តៅ និង ភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីរកវិធានការទប់ស្កាត់ និងដោះស្រាយ កាលរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រសាសន៍ថា ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និង មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក កំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីទប់ស្កាត់ និងដោះស្រាយភ្លាមៗ ដើម្បីចៀសវាងកុំឱ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ទាំងនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និង ធ្វើដំណើរតាមផ្លូវនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ។

សូមបញ្ជាក់ថា ការបាក់ច្រាំងទន្លេនេះ កើតមាននៅកំឡុងជាងមួយខែមកហើយ ដោយសារចរន្តលំហូរទឹក ទើបបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និង ផ្លូវកៅស៊ូមួយចំនួន នៅក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល៕