ប្រជាពលរដ្ឋប្រទះឃើញអាវុធ ៣៣ដើម ក្នុងចម្ការមៀនមួយកន្លែងស្រុកភ្នំព្រឹក

13

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

បន្ទាប់ពីបានប្រទះឃើញអាវុធនៅចំណុចខាងលើប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះអោយដឹងថា៖ សមត្ថកិច្ចបានរកឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងតាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធចំនួន៣៣ ដើមដែលសមត្ថកិច្ចរកឃើញនេះជាប្រភេទអាកា(AK)ស្វ័យបត់៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម ។

លោកនាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីបានទទួលដំណឹងនេះសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ច ខេត្តបាត់ដំបងស្រាវជ្រាវរកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា។ ចំពោះអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។