ក្តៅក្តៅ ! សម្ថកិច្ចចាប់បានអ្នកទោសទី៤ ក្នុងចំនោម៧នាក់ដែលហែកគុកលួចរត់ ពេលសួរនាំទើបដឹងថាជាមេខ្លោងរៀបគំរោងការនេះ

89

(ស្ទឹងត្រែង) ៖ អ្នកទោសហែកគុក ៧នាក់កក្រើកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៨ ខែវិច្ឆិការ ឆ្នាំ ២០២១ កន្លងទៅ ពេលនេះសមត្ថកិច្ចតាមប្រម៉ាញ់បាន ៤នាក់ហើយ ក្នុងនោះមានម្នាក់ជាមេខ្លោង អ្នកដែលនៅសល់សម្ថកិច្ចកំពុងតាមស៊ើបបន្ត នេះបើយោងតាមព័ត៌មានដែលអង្គភាព ខ្មែរខូវឺធីវីទទួលបានកាលពីព្រឹកថ្ងៃទី ១២ ខែ វិច្ឆិការ ឆ្នាំ ២០២១ ។

អ្នកទោសដែលទើបចាប់ខ្លួនបានមកវិញម្នាក់ទៀតនេះ ឈ្មោះ ចាក់លី ចឺតាលី ជាប់ទោសមួយជីវិត ពីបទជួញដូរគ្រឿងញៀន

យោងតាមប្រភពសម្ថកិច្ចបានអោយដឹងថា ៖ អ្នកទោសដែលទើបចាប់ខ្លួនបានមកវិញម្នាក់ទៀតនេះ ឈ្មោះ ចាក់លី ចឺតាលី ជាប់ទោសមួយជីវិត ពីបទជួញដូរគ្រឿងញៀន ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អ្នកទោសរូបនេះ គឺជាមេក្លោងផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយក្រហាយទឹក និងនៅក្នុងព្រៃថែមទៀតផង។

សកម្មភាពសមត្ថកិច្ចកំពុងនាំខ្លួនអ្នកទោស

សូមបញ្ជាក់ថា អ្នកទោសចំនួន៧នាក់ នៅខេត្តស្ទឹងត្រែង បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ដោយបានប្រើប្រាស់អាវុធបាញ់ចំនួន ៤គ្រាប់ ដើម្បីគម្រាមបញ្ឈប់ សកម្មភាពរត់គេចតែមិនអាចរារាំងបាន។ តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង។ គិតមកដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស៤នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ៣នាក់ទៀត កំពុងតាមចាប់ខ្លួន៕

សកម្មភាពសមត្ថកិច្ចនាំខ្លួនអ្នកទោស