ប្រធានមន្ទីររៀបចំដែនដីខែត្រកំពតលួចចេញប្លង់រឹងឱ្យក្រុមហ៊ុនសេងសម្បត្តិ ស្ងាត់ៗនៅលើដីកំពុងតែមានទំនាស់

106

ភ្នំពេញៈ ប្រជាពលរងគ្រោះវិវាទដីធ្លីជាច្រើនគ្រួសាររស់នៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ បានទទូចស្នើសុំទៅលោកអភិបាល ខែត្រកំពត ទើបចូលកាន់តំណែងថ្មី លោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមចាត់វិធានការទៅលើ ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត ដែលបានលួចចេញប្លង់រឹងទៅឱ្យលោក សេង សម្បត្តិ ស្ងាត់ៗនៅលើដីអាងទឹកកំពុងតែមានទំនាស់ដោះស្រាយមិនទាន់ចប់។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត បានចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» (ប្លង់រឹង) លេខ០៧០៥០៦០១-១១៥៦ ស្ថិតនៅ ខែត្រកំពត ស្រុកដងទង់ ឃុំស្រែជាងខាងជើង ភូមិសុភី។ ដីទំហំជាង១០ហិកតានឹងកែប្រែដី កសិកម្ម ទៅជាដី «សាងសង់» ដើម្បីបំពេញបំណងជូនលោក សេង សម្បត្តិ កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ 

ករណីចេញប្លង់រឹងខាងលើនេះលោក សេង សម្បត្តិ ដាក់ពាក្យស្នើសុំចុះបញ្ជីលើដីទំនាស់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែដោយសារឥទ្ធិពលដុល្លារបានរុញច្រានឱ្យប្លង់រឹងមួយសន្លឹកនេះចេញលឿនយ៉ាងឆាប់រហ័សបំផុតគឺនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋរងគ្រោះដីធ្លីយ៉ាងតិចចំនួន៦គ្រួសារបានដាក់ពាក្យប្ដឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ដូច្នេះរយៈពេលមិនបានប្រហែលពីរខែផងលោក ដាញ់ សារី បានជម្នះចេញប្លង់រឹងទាំងជម្រោងចម្រាសឱ្យលោក សេង សម្បត្ដិ ពី «ដីកសិកម្ម» ប្រែក្លាយទៅជា «ដីសាងសង់» យ៉ាងតក់ក្រហល់បំផុត។ ប៉ុន្តែរឿងនេះមិនទាន់ប្រាកដថា ជោគជ័យ១០០ភាគរយនោះទេ ព្រោះអភិបាលខែត្រថ្មីបានសន្យាជាសាធារណៈមុខពលរដ្ឋទូទៅថា នឹងបើកការណ៍ស៊ើបអង្គេតអំពីភាពមិនប្រក្រតីនេះឡើងវិញ។ 

ក្នុងចំណោះប្រជាពលរដ្ឋ១៩គ្រួសារដែលក្រុមហ៊ុន សេង សម្បត្តិ អះអាងថា ទិញដីបានហើយនោះគឺនៅមានពលរដ្ឋមួយចំនួនធំឱ្យលុយមិនទាន់គ្រប់។ ផ្ទុយពីនេះក៍មានម្ចាស់អាស្រ័យខ្លះក៍បានទទួលលុយគ្រប់ចំនួនផងដែរក្រោមរូបភាពតវ៉ាយកដីវិញ។ ចំណែកប្រជាពលរដ្ឋដែលនៅសេសសល់មិនព្រមទទួលលុយសោះពីក្រុមហ៊ុននោះមានចំនួន៤គ្រួសារទៀត។ ប្រជាពលរដ្ឋដែលមិនទាន់បានទទួលលុយគ្រប់ចំនួនពីការលក់ដីអាស្រ័យផលក្នុងអាងទឹកខាងត្បូងសាលា ស្រុកដងទង់ កំពុងត្រូវបានក្រុមហ៊ុនយកធ្វើជាចំណាប់ខ្មាំង និងជាខែលការពារសម្រាប់តទល់ជាមួយពលរដ្ឋ ៤គ្រួសារដែលមិនទាន់ទទួលបានលុយមួយរៀលពីក្រុមហ៊ុននោះ។   

លោក ម៉ៅ ធនិន អភិបាល ខែត្រកំពត បានលើកឡើងនៅក្នុង «វេទិកាសាធារណៈ» ជួបជាមួយពលរដ្ឋរងគ្រោះដីធ្លីខាងលើកាលពីព្រឹកថ្ងៃទី២៤ ខែតុលា នោះថា លោកមានការព្រួយបារម្ភខ្លាចបាត់បង់ «ដីអាងទឹកដងទង់» ដែលជាដំណក់ញើសឈាមប្រជាពលរដ្ឋទំនាន់មុន។ ក្រុមហ៊ុនបានទិញដីមិនស្គាល់ប្រវត្តិអាងទឹកនេះច្បាស់លាស់។ លោកបានចោទជាសំណួរគ្មានចម្លើយថា «តើវាខ្វះណាស់ទៅឬ ស្រុកដងទង់ ហ្នឹង មានដីអភិវឌ្ឍន៍តែ មួយកន្លែងហ្នឹង? បើអភិវឌ្ឍន៍មានការក្ដៅក្រហាយបែបនេះ លោកក៍ពិបាកទទួលយកដែរ…!»។ 

ក្រុមហ៊ុន សេង សម្បត្តិ ដែលបានទិញដីស្រែអាស្រ័យផលពីពលរដ្ឋចំនួន១៩គ្រួសារនោះលោកអភិបាលខែត្របញ្ជាក់ធ្ងន់ថា ក្រុមហ៊ុនមានសិទ្ធិត្រឹមតែ«អាស្រ័យផល» ប៉ុណ្ណោះ។ បើសិនជាក្រុមហ៊ុនចង់ដូរដីកសិកម្មទៅជា ដីអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងលក់ដូរដូចសព្វថ្ងៃនេះគឺលោកអភិបាលខែត្រតម្រូវឱ្យមានការស្ទាបស្ទង់ចិត្តពលរដ្ឋជាមុនសិន។ សម្រាប់អ្នកលួចលក់ «ដីអាងទឹកដងទង់» លោកអភិបាលខែត្រសង្កាត់ថា ចំពោះលិខិតស្នាមទិញលក់ដីនេះនាពេលកន្លងមកលោកនឹងបើកការណ៍ស៊ើបអង្គេតទៅតាមផ្លូវច្បាប់បន្តទៀត ហើយបើសិនជាមានអ្នកធ្វើខុសនឹងមានវិធានការរដ្ឋបាល។ រាល់ការទិញដីអាងទឹកនេះមានលក្ខណៈខុសច្បាប់ស្ទើរតែទាំងអស់។   

ការនិយាយសំដៅលើក្រុមហ៊ុន សេង សម្បត្តិ ធ្វើព្យុះភ្លៀងទៅតាមអំណាចទឹកលុយនៅ ស្រុកដងទង់ នោះលោកអភិបាលខែត្រថ្មីបានលើកយកពាក្យចាក់ចំបេះដូងពលរដ្ឋទូទៅថា «មិនមែនយើងមានលុយធ្វើអ្វីៗបានតែទាំងអស់ឯណា? ការអភិវឌ្ឍន៍គឺតម្រូវសួរសុខទុក្ខលើប្រជាពលរដ្ឋជាមុនសិន។ បើសិនក្រុមហ៊ុនចង់វិនិយោគត្រូវសួរចិត្តបងប្អូនយើងសិន! បើគាត់យល់ព្រមចាំធ្វើ»។ លោកបានបញ្ជាឱ្យក្រុមហ៊ុន សេង សម្បត្តិ ដោយត្រង់ៗថា «អ្នកណាធ្វើរបងលើដីគេរុះចេញវិញ…ហើយដីគេមានប៉ុន្មានវាស់យកវិញ…។ ក្រុមហ៊ុនទិញដីបានប៉ុន្មានយកវិញ…ហើយក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» បើចង់វិនិយោគសាងសង់ត្រូវធ្វើលិខិតបញ្ជាក់តាមផ្លូវច្បាប់»។

បើយោងមន្ត្រីសុរិយោដីម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ករណីនេះប្រជាពលរដ្ឋត្រូវតែធ្វើការតវ៉ាទៅតុលាការពីព្រោះ មន្ទីររៀបចំដែនដីខែត្របាន ចេញប្លង់រឹងរួចហើយ។ ដូច្នេះពួកគាត់គួរតែយកលិខិតពាក់ព័ន្ធប្ដឹងទៅតុលារ។

ជុំវិញរឿ ងមិនប្រក្រតីខាងលើនេះលោក សេង សម្បត្តិ បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងតែ រត់ការសុំច្បាប់សាងសង់និងអភិវិឌ្ឍន៍ ទៅក្រសួងដែនដី ដោយបានរត់ការដល់  ខែត្រកំពត ហើយ។ ក៍ប៉ុន្តែលោកមិនដឹងថា ហ្វាយខែត្រថ្មីចុះហត្ថលេខាឬយ៉ាងនោះទេ។ ក្រុមហ៊ុនរបស់លោកនៅតែធ្វើការអភិវឌ្ឍន៍ទៅមុខដដែលមិនរាថយឡើយ ហើយបើប៉ះចំកន្លែងណាមានទំនាស់យើងទុកមួយឡែកសិន។ 

អ្នកស្រី ឈឹម ណាន បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែតុលា នេះថា អ្នកស្រីមិនយកតាមការសម្របសម្រួលនោះទេគឺយកតាមអនុសាសន៍អភិបាល ខែត្រកំពត លើកឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ គឺរុះរើរបងចេញ និងវាស់វែងដីជូនប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ចំពោះក្រុមហ៊ុនចេញប្លង់រឹងជាង១០ហិកតានោះខ្ញុំអត់ខ្វល់ទេ ពីព្រោះដីពួកខ្ញុំហ្វាយខែត្រកាត់ឱ្យរួចហើយ។ បើតាមខ្ញុំដឹងក្នុងចំណោមប្រជាពល១៩គ្រួសារអ្នកដែលបានលុយគ្រប់ចំនួនពីក្រុមហ៊ុនមានតែ៥គ្រួសារទេដូច្នេះអ្នកនៅសល់មាន១៤គ្រួសារទៀតក្រុមហ៊ុនឱ្យលុយមិនទាន់គ្រប់ចំនួន។

នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម ខែត្រកំពត មិនបានឆ្លើយនឹងសំណួរអ្នកសារព័ត៌យើងទេជុំវិញការចេញប្លង់រឹងជូនលោក សេង សម្បត្តិ នៅលើដីកំពុងតែមានជម្លោះ។

ជុំវិញការលួចលក់ដីអាងទឹកនេះមានមន្ត្រីពាក់ព័ន្ធពុករលួយជាច្រើននាក់ជាប់ពាក់ព័ន្ធដូច សម្លកំពឹស អីចឹង។ ពួកគេកំពុងតែភ័យបុកពោះដែលបានទទួលលុយពីលោក សេង សម្បត្តិ នៅក្នុងអាណត្តិលោក ជាវ តាយ ជាអភិបាលខែត្រ។ ក្នុងនោះមានដូចជាលោក វ៉ិត វឌ្ឍនា នាយរដ្ឋបាលខែត្រជាមេចំណែក លោក ប៉ិល កុលស អភិបាលរងខែត្រ លោក ដាញ់ សារី ប្រធានមន្ទីរដែនដីខែត្រ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខែត្រ ហើយមានរហូតដល់មន្ត្រីមូលដ្ឋានស្រុកឃុំនិងភូមិថែមទៀតផង។    

គួរបញ្ជាក់ថា លោក ដាញ់ សារី គឺជាមនុស្សទីមួយដែលដឹងថា ក្រុមហ៊ុនចាក់ដីបង្កើតគម្រោងប្រកាសលក់បុរី និងធ្វើសកម្មភាពនានា នៅលើទំនាស់នោះសុទ្ធតែគ្មានច្បាប់អនុញ្ញាត ហើយខ្លួនលោកផ្ទាល់ក៍ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលផងដែរ ដែលបានចុះហត្ថលេខាចេញប្លង់រឹងឱ្យទៅលោក សេង សម្បត្តិ នៅលើដីកំពុងតែមានទំនាស់។ ចំណុចគួរឱ្យចាប់អាម្មរណ៍នោះអភិបាលខែត្រថ្មីនឹងមានវិធានការបែបណាទៅលើមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនដែលបានគប់គិតគ្នាលួចលក់ដីអាងទឹកដងទង់ ? ៕