ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ឈានទៅដល់ការទប់ស្កាត់បានជោគជ័យទាំងស្រុងហើយ

70

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅ ដល់ការទប់ស្កាត់បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការបាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋនោះទេ គិតមក ដល់ថ្ងៃទី២៨ ខែតុលានេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រោយពីបញ្ចប់នូវការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង ៥០០ គ្រួសារដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ព្រែកត្នោតរួចមក ឯកឧត្តមក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះតាមដានមើលស្ថានភាពទឹកនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតបន្តទៀត ហើយក្នុងឱកាសនៃការចុះពិនិត្យនាថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយពីមានការទប់ទំនប់ការពារទឹកជំនន់នេះ យើងទទួលបានជោគជ័យហើយ មិនមានការធ្លាយ និងបង្កឲ្យមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋឬខូចខាតទ្រព្យសម្បត្តិសត្វពាហនៈធ្ងន់ធ្ងរនោះទេ។ មានន័យថាថ្ងៃទី២៨ ខែតុលានេះស្ថានភាពទឹកបានស្រកចុះ៤ តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការទទួលបាននូវជោគជ័យនេះ ដោយសារតែការខិតខំប្រឹងប្រែងទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងក្រសួងធនធានទឹក ទាំងអាជ្ញាធរទន្លេសាប ជាមួយនឹងកម្លាំងកងអង្គរក្សដែលបានជួយយ៉ាងសស្រាក់សស្រាំមិនថា យប់ឬថ្ងៃឡើយ ដើម្បីទប់ឲ្យបាននូវគ្រោះមហន្តរាយនេះ។ ជាលទ្ធផលឃើញថា មកដល់ថ្ងៃទី២៨តុលានេះ ស្ថានភាពទឹក យើងអាចនិយាយបានថា គ្រប់គ្រងបានហើយ មិនមានហានិភ័យអ្វីដល់បងប្អូនប្រជាពលរដ្ឋនោះទេ បើសិនជាអាកាសធាតុមិនបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុកបន្តទៀតនោះ៕