តំណាងប្រជាពលរដ្ឋ ៧៤គ្រួសារនៅខេត្តកែបយល់ព្រមទទួលស្គាល់ថា ដីដែលពួកគាត់កំពុងអាស្រ័យផល គឺជាដីឆ្នេរសមុទ្រជារបស់រដ្ឋពិតប្រាកដ ប៉ុន្ដែប្រជាពលរដ្ឋបានស្នើសុំតែសិទ្ធិលក់ដូរគ្រាន់ចិញ្ចឹមជីវិត ប្រសិនបើរដ្ឋត្រូវការនឹងប្រគល់ជូនវិញ
កាលពីថ្ងៃទី ២០ សីហា ឆ្នាំ២០២១ កន្លង់ទៅបន្ទាប់ពីឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្ដេចតេជោ បានចូលរួមប្រគល់ប័ណ្ណដីជូន លោកយាយ ម៉ក់ ស៊ូន និងភាគីកូនស្រីបង្កើតរួចហើយ ឯកឧត្តម ដួង តារា និងឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ បានជួបសំណេះសំណាលបន្តជាមួយតំណាងប្រជាពលរដ្ឋ៦នាក់ និងអ្នកសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយអំពីការតវ៉ារបស់ប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលមានកន្លែងលក់ដូរនៅតាមឆ្នេរជ្រោយដូងទល់មុខសាលាខេត្តកែប។
តំណាងពលរដ្ឋបានលើកឡើងអំពីមូលហេតុមួយចំនួនដែលបណ្តាលអោយមានផ្ទុះការតវ៉ាគឺៈ
១)កន្លងមកពួកគាត់ចង់ជួបលោកអភិបាលខេត្តកែបដើម្បីដោះស្រាយបញ្ហានិងចម្ងល់មួយចំនួន ប៉ុន្តែក្នុងសម័យកាលរីករាលដាលឆ្លងជំងឺកូវីដមិនមានឱកាសបានចូលជួបឡើយ។
២)បងប្អូនប្រជាពលរដ្ឋមិនបានស្នើសុំធ្វើ (បណ្ណរឹង) លើដីដែលកំពុងលក់ដូរអាស្រ័យផលសព្វថ្ងៃដូចការនិយាយមិនពិតរបស់គេទេ (?)។
៣)ពួកគាត់បានឮពាក្យចចាមអារាមថា ដីឆ្នេរសមុទ្រដែលអាជ្ញាធរកំពុងឈូសឆាយរៀបចំនេះ គឺនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកផ្សេង ដែលធ្វើអោយពួកគាត់មានការសង្ស័យត្រូវតវ៉ា ដោយសារពួកគាត់ពិតជាបានអាស្រ័យផលនៅទីនេះជាង៣០ឆ្នាំមកពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត សោម ពិសិដ្ឋ បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា គម្រោងអភិវឌ្ឍន៍ឆ្នេរនេះគឺជាគម្រោងរបស់រដ្ឋ មិនមែនជាការរៀបចំចាក់ដីធ្វើប្លង់ជូនទៅបុគ្គលណាម្នាក់ទេ ដូច្នេះសូមបងប្អូនឈប់មន្ទិលសង្ស័យតទៅទៀត។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ដួង តារា ក៏បានពន្យល់អំពីផ្លូវច្បាប់ជូនបងប្អូនប្រជាពលរដ្ឋអោយបានយល់អំពី “ដីរដ្ឋ” ដែលក្នុងនោះរួមទាំងដីចំណីច្រាំងទន្លេ, ដីឆ្នេរសមុទ្រ, ដីចិញ្ចើមផ្លូវ, ដីចំណីថ្នល់…ជាដើម។ លោកបានបញ្ជាក់ច្បាស់ជូនបងប្អូនប្រជាពលរដ្ឋនោះថា÷ ចំពោះដីដែលបងប្អូនកំពុងអាស្រ័យផលលក់ដូរលើឆ្នេរមុទ្រនោះគឺជាដីសាធារណៈរបស់រដ្ឋ ហើយដីទាំងនេះគឺ រដ្ឋត្រូវការអភិវឌ្ឍន៍នៅពេលណាមួយមិនខាន។ ដីឆ្នេរនេះគឺរដ្ឋមិនអាចចេញប្លង់កម្មសិទ្ធិទៅអោយបុគ្គលណាមួយបានឡើយ។
ក្រោយពេលជួបជជែកគ្នារួចមក បងប្អូនប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីបញ្ហាទាំងនេះ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំតែសិទ្ធិលក់ដូរនៅតាមឆ្នេរគ្រាន់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ ប្រសិនបើរដ្ឋត្រូវការនៅពេលណា គឺបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនទៅរដ្ឋវិញដោយគ្មានការទាមទារតវ៉ាអ្វីឡើយ។ ចំណែកលោកអភិបាលខេត្តកែបក៏បានឯកភាពយល់ព្រមតាមសំណើពលរដ្ឋផងដែរ។ ឯកឧត្តម ដួង តារា បានស្នើសុំលោក អភិបាលខេត្តកែប រៀបចំសេចក្ដីប្រកាសព័ត៌មានផ្លូវការរវាងខេត្ត និងពលរដ្ឋបញ្ជាក់អោយច្បាស់ ដើម្បីចៀសវាងបញ្ហាទៅថ្ងៃក្រោយទៀត។
ក្រោយពីមានការយល់ព្រម និងឯកភាពរវាងក្រុមអាជីវករ និងរដ្ឋបាលខេត្តហើយ ឯកឧត្តម ដួង តារា ក៏បានទៅមើលទីតាំងឆ្នេរដែលប្រជាពលរដ្ឋតវ៉ា។ ប្រជាពលរដ្ឋបង្ហាញនូវសេចក្តីសប្បាយរីករាយ ប្រកបដោយភាពកក់កក្តៅ និងជំនឿទុកចិត្តដែលពួកគាត់បានដឹងច្បាស់ថាដីឆ្នេរដែលកំពុងអភវឌ្ឍន៍នេះគឺជាគម្រោងរដ្ឋពិតប្រាកដមែន។
មុននឹងចាកចេញមកភ្នំពេញវិញ បងប្អូនប្រជាពលរដ្ឋបានជូនក្តាមស្ងោរ១ធុងដល់ ឯកឧត្តម ដួង តារា ផងដែរ។ ឯកឧត្តម ដួង តារា បាននិយាយថា÷ ខ្ញុំក៏សប្បាយរីករាយដែលបានជួយសម្របសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ ពិតណាស់ សុខទុក្ខពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ ។ ប្រជាពលរដ្ឋគោរពស្រឡាញ់និងជូនពរសម្តេចទាំងទ្វេមានសុខភាពល្អរឹងមំាដេីម្បីជាម្លប់ដល់កូនចៅប្រជាពលរដ្ឋទូទាំងប្រទេស។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕













