ជំងឺដុំពកលើសត្វគោជាក្តីកង្វល់របស់កសិករ ត្រូវបានកម្លាំងកា​រិយា​ល័យ​ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិ កម្មខេត្តកំពង់ឆ្នាំងបានចុះអប់រំផ្សព្វផ្សាយ និងព្យាបាល

76

ខេត្តកំពង់ឆ្នាំង : បន្ទាប់ពីមានករណីផ្ទុះជំងឺដុំពកលើសត្វគោ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុង ភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១ នេះកម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយមន្ត្រីពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិចុះពិនិត្យពីស្ថានភាពជំងឺឆ្លងព្រមទាំងធ្វើពិធីអបរំផ្សព្វផ្សាយណែនាំនិងរបៀបព្យាបាលជំងឺសត្វគោជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។

អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងលោក ហ៊ិនលី បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោកើតជំងឺ​ដុំពកក្រោមស្បែកសូមព្យាបាលនិងថែរក្សាដាក់ដោយឡែកពីគេដើម្បីការពារឆ្លងទៅគោដទៃ លោកបានបញ្ជាក់ទៀតថាជំងឺដុំពកនៅលើស្បែកសត្វគោគឺមានលក្ខណៈ​កាចសាហាវដែលអាចបណ្ដាលឱ្យគោរបស់បងប្អូនប្រជាពលរដ្ឋងាប់បានបើបងប្អូនមិនយកចិត្តទុកដាក់ព្យាបាលនិងថែរក្សាទាន់ពេលវេលានោះទេ ដោយ​ហេតុនេះហើយសូមបងប្អូនធ្វើទ្រុងនឹងដាក់ឲ្យសត្វគោដេកមានទួលសុវត្ថិភាព ជាមួយគ្នាក៍ត្រូវ បាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្រុង សត្វគោរបស់ប្រជាពលរដ្ឋបានចំនួន១២ទ្រុងផងដែរ។ ជាមួយនឹងការផ្សព្វផ្សាយនេះមន្ត្រីជំនាញពេទ្យសត្វក៏បានចែកជូនបងប្អូនប្រជាពលរដ្ឋនូវ ថ្នាំព្យាបាលនិងប្រាប់ពីវិធីព្យាបាលដោយ​​ខ្លួនឯង ជូនដល់បងប្អូនប្រជាពលរដ្ឋម្ចាស់សត្វគោផងដែរ ។

ដោយឡែកសម្រាប់ថ្ងៃនេះគឺមន្ត្រីជំនាញពេទ្យសត្វបានព្យាបាលជំងឺសត្វគោណាដែលមានលក្ខណៈធ្ងន់ធ្ង ហើយសល់ប៉ុន្មានទុក្ខឲ្យបងប្អូនអាចព្យាបាលដោយខ្លួនឯងបានតាមការណែនាំរបស់មន្ត្រីជំនាញ ពីវិធីលាងរបួសនិងពីវិធីលាបថ្នាំ វិធីច្រកថ្នាំ និងចាក់ថ្នាំជាដើម ។

សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋ នៅក្នុងភូមិដែលបានចូលរួមស្ដាប់ការពន្យល់ណែនាំដែលពួកគាត់មានសត្វគោ សរុបមានចំនួន ២១២ ក្បាល ក្នុងនោះងាប់ ៤ក្បាល និងកំពុងកើតជំងឺដុំពកលើស្បែកចំនួន៨៩ក្បាល មន្ត្រីជំនាញបានព្យាបាល បានមួយចំនួនធំ និងសល់ប៉ុន្មាន ទុកឱ្យបងប្អូនព្យាបាលដោយខ្លួនឯង ៕សុក្ខារិន