ចុះបិទខ្ទប់ផ្សារចំការគរ(ផ្សារ ថ្មី) ក្រុងសិរីសោភ័ណ ក្រោយពីមានករណីអ្នកវិជ្ជមានកូវីដ-19 ចំនួន22នាក់

42

បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចុះបិទខ្ទប់ផ្សារចំការគរ(ផ្សារ ថ្មី) ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីមានករណីមានអ្នកវិជ្ជមានខូវីដ-19 ចំនួន22នាក់ ដែលក្រុមគ្រូពេទ្យបានរកឃើញតាមរយៈលទ្ធផលតេស្តរហ័ស(Rapid Test) នៅថ្ងៃទី02 ខែសីហា ឆ្នាំ2021។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា រយៈពេលពេញមួយថ្ងៃអាជ្ញាធរបានជូនដំណឹងដល់ អ្នកពាក់ព័ន្ធ អាជីវករលក់ដូរ ពលរដ្ឋរស់នៅក្បែរ មកយកសំណាក់ 780នាក់ ជាលទ្ធផលគិតត្រឹមម៉ោង6.០០នាទីល្ងាច ថ្ងៃដ៏ដែលរកឃើញ វិជ្ជមានកូវីដ-19 ចំនួន22នាក់ ស្រី12នាក់។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់បន្ថែមថា៖ ក្រោយពីមានករណីរកឃើញបុគ្គលវិជ្ជមាន ដែលជាអាជីវករលក់ដូរក្នុងផ្សារខាងលើ និងដើម្បីជាចាត់វិធានការទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលជម្ងឺកូវីដ-19 ទៅក្នុងមូលដ្ឋានសហគមន៍ ក្នុងនាមគណៈបញ្ជាការឯកភាពបានដឹកនាំកម្លាំង ចុះបិទខ្ទប់ជាបណ្ដោះអាសន្ននៅទីតាំងផ្សារចំការគរ(ផ្សារថ្មី) ដើម្បីធ្វើការជូនដំណឹងឲ្យ អ្នកដែលពាក់ព័ន្ធក៏ដូចជាអាជីវករ លក់ដូរក្នុងផ្សារមកផ្តល់សំណាកនៅទីតាំងខាងមុខផ្សារ ដើម្បីធ្វើតេស្តរកកូវីដ-19 ហើយបើក្នុងករណីលទ្ធផលអវិជ្ជមាន អាជ្ញាធរបាននឹងឲ្យពួកគាត់ត្រលប់ទៅគេហដ្ឋានវិញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះ ដោយត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល។

លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានអំពាវនាវ អាជីវករទាំងអស់ មកយកសំណាកតេស្តរហ័ស(Rapid Test)នៅផ្សារចំការគរ(ហៅផ្សារថ្មី)មានរយៈពេល ចំនួន01ថ្ងៃបន្តទៀត គឺថ្ងៃទី 03ខែសីហា ឆ្នាំ2021 ចាប់ពីម៉ោង8.00នាទីព្រឹកតទៅ។ បើក្នុងករណីបង ប្អូនអាជីករណាមិនព្រមយកសំណាកតេស្តរហ័ស(Rapid Test) នោះទេ ពេលផ្សារបើកវិញមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរក្នុងផ្សារឡើយ។ គួរបញ្ជាក់ថា៖ ការបិទផ្សារចំការគរ ហៅផ្សារថ្មីខាងលើនេះ អាជ្ញាធរនូវមិនទាន់ចេញសេចក្តីសម្រេចថា តើត្រូវបិទរយៈ14ថ្ងៃ ឬរយៈពេល21ថ្ងៃ រកចាំលទ្ធផលក្រុមការងារវាយតម្លៃជាក់ស្តែងជាមុនសិន៕(សៅនៅ)