អាជ្ញាធរក្រុងបាវិតបន្តអនុវត្តបម្រាមគោចរ របស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩

9

ស្វាយរៀង ៖ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នេះលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតតំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិតនិងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតបានបន្តដឹកនាំកម្លាំងចម្រុះចុះអនុវត្តសេចក្តីសម្រេចលេខ ០៨៣/២១ ស.ស.រ​ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទីនា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ក្នុងមូលដ្ឋានក្រុងបាវិតខេត្តស្វាយរៀង ។

ក្នុងឱកាសនេះលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងពិសេស ៖ ការលក់ដូរប្រកបអាជីវកម្មគ្រប់ប្រភេទអនុញ្ញាតត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមកអង្គុយឬទទួលទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ។ ហាមឃាត់ការជួបជុំការលក់ដូរ និងសេពគ្រឿងស្រវឹងត្រូវអនុវត្តតាមវិធានការ បម្រាមគោចរ ( ចាប់ពីម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី )។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវនិងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕