ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើក យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

7

កំពង់ចាម : ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ គឺជាថ្ងៃចាប់ផ្តើមក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ចាម ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅនានានៃការរៀបចំរបស់ក្រុមគ្រូពេទ្យក្នុង យុទ្ធនាការនេះ ។

ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ « យុទ្ធនាការ ជាតិ ចាក់វ៉ាក់សាំង » សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានរៀបចំផែនការខេត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរ ឃុំ សង្កាត់ ក្នុងស្រុក បាធាយ ,ស្រុក ជើងព្រៃ ,ស្រុក ព្រៃឈរ ,ស្រុក កំពង់សៀម និងក្រុងកំពង់ចាម ។


ដូច្នេះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយអាជ្ញាធរ ឃុំ សង្កាត់ កម្មករ កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តា ក្រុង – ស្រុក ខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំង ចាក់វ៉ាក់សាំងដែល រដ្ឋបាលខេត្តបានរៀបចំចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ ដែលមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយពេលព្រឹក ចាប់ម៉ោង ០៨:០០ នាទីដល់ម៉ោង ១១.០០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០ នាទី ដល់ម៉ោង ១៦:០០ នាទី ។


ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាសម្រាប់ក្រុងកំពង់ចាមស្រុកកំពង់សៀម និងស្រុកព្រៃឈរ គឺមានចំនួន ២៧គោលដៅ ដែលមានគ្រូពេទ្យតាមគោលដៅ ចំនួនសរុប ៧៦០ នាក់ ។ ដោយឡែកសម្រាប់ស្រុកជើងព្រៃ និងស្រុកបាធាយ មានក្រុមគ្រូពេទ្យកងយុទ្ធពលខេមរៈភូមិន្ទ កំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំង ជូន ប្រជាពលរដ្ឋនៅទីនោះផងដែរ ៕