៣០ម៉ឺនរៀលក្នុងមួយឡានអាចនាំចូលខុសច្បាប់បាននូវពងទាពងមាន់និងសត្វបក្សីគ្រប់ប្រភេទ តើសុខភាពសាធារណៈនៃប្រជាពលរដ្ឋខ្មែរនឹងទៅជាយ៉ាងណា បើសមត្ថកិច្ចគយគិតតែប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ?

27

ភ្នំពេញៈ ផ្ទុយនឹងសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្តីពីវិធានការទប់ស្តាត់ ជំងឺផ្ដាសាយបក្សី A/H5N1 កំពុងតែផ្ទុះរាលដាលខ្លាំងនៅវៀតណាមភាគខាងត្បូង និង ឆ្លៀតឱកាសរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ១៩ អនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត បានបើកដៃឳ្យក្រុមឈ្មួញនាំចូល ពងទា ពងមាន់ និងសត្វបក្សីគ្រប់ប្រភេទ ចូលតាមច្រករបៀងត្នោតចុងស្រង់ យ៉ាងអនាធិបតេយ្យបំផុតជាថ្នូរនឹងប្រាក់ក្នុងមួយឡានតម្លៃ៣០ម៉ឺនរៀល ។ នេះយោងតាមប្រភពច្បាស់ការពីអាជីវកររកស៊ីតាមច្រករបៀងត្នោតចុងស្រង់ បានប្រាប់ឳ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។

ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ និង ជំងឺផ្ដាសាយបក្សី A/H5N1 កំពុងតែផ្ទុះរាលដាលយ៉ាងខ្លាំងនៅវៀតណាមភាគខាងត្បូង ហេតុនេះទាំងវៀតណាម និង កម្ពុជា រដ្ឋាភិបាលទ្វេភាគី បានបិទទាំងស្រុង១០០ភាគរយ នៅតាមច្រករបៀងនានា ក៍ប៉ុន្តែតើមូលហេតុអ្វីបានជាលោក សាត អនុប្រធានគយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅស្រុកកំពង់ត្រាច បើកដៃឳ្យឈ្មួញនាំចូល កូនមាន់ កូនទា និងផលិតផលសត្វបក្សីពីវៀតណាម មកកម្ពុជាដោយសេរីទៅវិញ ជាថ្នូរនឹងប្រាក់ក្នុងមួយឡានត្រូវបង់៣០ម៉ឺនរៀលឳ្យលោកគយ សាត ដាក់ហោប៉ាវជាកំហិត ?

សំណួរគ្មានចម្លើយនេះត្រូវបានប្រភពបន្តថា ថៅកែនាំកូនមាន់ កូនទា និងផលិតផលបក្សី គឺឈ្មោះ ចែវី ជាជនជាតិវៀតណាម អ្នកដែលដើរទិញប្រមែប្រមូល កូនមាន់ កូនទា និងផលិតផលសត្វបក្សី នៅវៀតណាម ដើម្បីយកមកលក់បន្តឳ្យអ្នកស្រី ដាវ ជាបងបង្កើតសម្រាប់ចែកចាយនៅកម្ពុជា។  

ព្រោះតែផលប្រយោជន៍បុគ្គល យកតួនាទីការងាររដ្ឋ ធ្វើជារបររកស៊ី គឺលោកគយ សាត មិនខ្លាចញញឹមនឹងបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរឡើយ។ ដោយមើលឃើញពីគ្រោះថ្នាក់សុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ ក្រុមអាជីវករ ក៍ដូចប្រជាពលរដ្ឋ បានសំណូមពរសុំឳ្យលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ និងលោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមបើកការស៊ើបអង្គេតពីសកម្មភាពរបស់លោក សាត អនុប្រធានគយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រែកចាក នេះផង ។  

ដោយមានការព្រួយបារម្ភអំពីសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋកម្ពុជា ទើបក្រសួងកសិកម្ម បានចេញសារាចរណែនាំមួយ លេខ០៨៧ សរណន.កសក ស្តីពី «វិធានការទប់ស្តាត់ជំងឺផ្ដាសាយបក្សី» ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ កន្លងមក ក្រសួងកសិកម្ម បានចេញលិខិតណែនាំ និងជូនដំណឹងដល់អ្នកចិញ្ចឹមសត្វ អ្នកធ្វើអាជីវកម្មសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ក្នុងការបង្ការ និងទប់ស្តាត់ ជំងឺផ្ដាសាយបក្សី ស្របពេលដែលបច្ចុប្បន្នកម្ពុជាមានការប្រែប្រួលអាកាសធាតុត្រជាក់ និង ក្ដៅ បើទោះបីជាជំងឺផ្ដាសាយបក្សី បានស្ងប់ស្ងាត់ចាប់តាំងពីឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះក៍ដោយ។

ផ្អែកតាមសារព័ត៌មានរបស់ ប្រទេសវៀតណាម ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញ ភាគខាងត្បូងវៀតណាមមានការផ្ទុះជំងឺផ្ដាសាយបក្សី បង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង៥៥,០០០ក្បាល។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺផ្ដាសាយបក្សី ឳ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការចរាចរបក្សី និងផលិតផលពីបក្សី នាំចូលពីវៀតណាម និងពីតំបន់មួយ ទៅតំបន់មួយទៀតក្នុង ប្រទេសកម្ពុជា ក្រសួងកសិកម្ម បានធ្វើការណែនាំដល់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យា

បាល រាជធានី ខេត្ត ជាពិសេស ខេត្តជាប់ព្រំដែន វៀតណាម ត្រូវមានការទទួលខុសត្រូវប្រកបដោយតម្លាភាពខ្ពស់ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺផ្ដាសាយបក្សី។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកគយ សាត ធ្វើការបដិសេធរឿងខាងលើនេះថា លោកមិនបានដឹងរឿងនេះទេ ពីព្រោះវាមិនមែនស្ថិតនៅកន្លែងគ្រប់គ្រងរបស់លោកឡើយ។ ក៍ប៉ុន្តែការឆ្លើយបែបស្ទាក់ស្ទើរអេះអុះជាមួយ អ្នកសារពត៌មាននោះ លោកគយ សាត ហាក់បីដូចជាមានការភ្ញាក់ផ្អើលក្នុងចិត្តថា ហេតុអ្វីមានគេដឹង រឿងពុករលួយ របស់អញទៅវិញ ?

គួរបញ្ជាក់ថា អ្នកកាន់ទូរស័ព្ទអនឡាញ នៃក្រសួងកសិកម្ម បានបញ្ជាក់យ៉ាងច្បាស់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះថា លិខិតរបស់ក្រសួងខាងលើ គឺនៅតែមានសុពលភាពដដែលដើម្បីទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ មិនថាតែបក្សី ឬសត្វជ្រូក មាន់ ទា គោ នោះទេ។ មុននឹងអនុញ្ញាតឳ្យមានការនាំចូលសត្វនានា អ្នករកស៊ីត្រូវមានលិខិតបញ្ជាក់ពីដើមទី និងចុងទី (វៀតណាម និងកម្ពុជា) បើសិនសត្វនោះមានសុខភាពល្អទើបអាចនាំចូលពីវៀតណាមបាន។ តែបើពួកគាត់គ្មានលិខិតបញ្ជាក់ច្បាស់លាស់ ឬត្រឹមត្រូវនោះទេគឺការចូលសត្វទាំងនោះខុសច្បាប់ហើយ។ រឿងខាងលើនេះ ក្រសួងកសិកម្មមាន ក្រុមអន្តរាគមន៍ប្រឆាំង ឬបង្ក្រាបបទល្មើសសត្វទូទាំងប្រទេសផងដែរ៕