ខេត្តព្រះសីហនុប្រាប់ លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប ឱ្យ រុះរើសំណង់ចេញពីទីតាំងដីមួយកន្លែងនៅស្រុកព្រៃនប់

77

្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតមួយប្រាប់ លោក ហ៊ីង ធីឫទ្ធិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ឱ្យ រុះរើសំណង់ និងការ្យផ្សេងៗចេញពីទីតាំងដីមួយកន្លែង ដោយខ្លួនឯងដែលស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីឱ្យរដ្ឋបាលខេត្ត ធ្វើការដាំដុះដើមកោងកាងឡើងវិញ។

យោងតាមលិខិតចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២របស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការដែលរដ្ឋបាលខេត្តព្រះសីហនុ ឱ្យ លោក ហ៊ីង ធីឫទ្ធិ រុះរើសំណង់ និងការ្យ ចេញពីតាំងខាងលើ ព្រោះរាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូននោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុបាន ស្នើឱ្យ លោក ហ៊ីង ធីឫទ្ធិ រុះរើសំណង់ និងការ្យផ្សេងៗចេញពីទីតាំង ដីដោយខ្លួនឯង ដើម្បីរដ្ឋបាលខេត្តព្រះសីហនុ ដាំដើមកោងកាងឡើងវិញ និងត្រូវអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។

លិខិតនេះ ក៏បានចម្លងជូនទៅ ទីស្តីការគណៈរដ្ឋមន្តី ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រួក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកព្រៃនប់ ជូនជ្រាបផងដែរ ៕

លោក ហ៊ីង ធីឫទ្ធិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២បានដាក់ សំណើសុំកាត់ឆ្កៀលដីមួយកន្លែងដែលមានទទឹង ១០០ម៉ែត្រ បណ្តោយ ១៨៧ម៉ែត ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិស្របច្បាប់៕