អ្នកឧកញ៉ា គិត ម៉េង ចាប់ដៃគូជាមួយក្រុមហ៊ុនបរទេស ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជាសម្រាប់នាំចេញទៅសិង្ហបុរី

7

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញ នៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២.៥០០មេហ្គាវ៉ាត់ ក្នុងគោលបំណងនាំចេញទៅសិង្ហបុរី ១.០០០មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះក្នុងអំទ្បុងពេលកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន(ABIS) ឆ្នាំ២០២២ និង ក្រោមអធិបតីភាពរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសាក្សីដោយ ឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា សមិទ្ធផលនេះបង្ហាញពីទំនាក់ទំនងកាន់តែល្អ និងជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់របស់យើង និងបង្ហាញពីការជឿទុកចិត្តកាន់តែច្រើនឡើងដែលអ្នកវិនិយោគសិង្ហបុរីមាននៅកម្ពុជា ជាដៃគូជាមួយនឹងបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយស្ថិរភាព និងអំណោយផល។

អ្នកឧកញ៉ា បានបង្ហាញក្តី រំភើបចំពោះកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel នឹងអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១.០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។

អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។

អ្នកឧកញ៉ា គិត ម៉េងថ្លែងថា៖
«កិច្ចព្រមព្រៀងផ្តាច់មុខនេះនឹងផ្តល់ឱកាសឱ្យ Keppel ស្វែងរកគម្រោងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា។ ធនធានថាមពលកកើតឡើងវិញ (RE) របស់ប្រទេសយើងមានច្រើនក្រៃលែង ហើយនេះជាឱកាសដ៏សំខាន់សម្រាប់យើងក្នុងការចាប់យកឱកាសនេះ និងបោះជំហានទៅមុខក្នុងការពន្លឿនការអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា។ ខ្ញុំមានក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូនេះ ហើយយើងទន្ទឹងរង់ចាំការសហការជាមួយ Keppel នាពេលខាងមុខនេះ»៕