តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុដាក់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ១០០លានរៀល ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសពុករលួយ
ព្រះសីហនុ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន១០០លានរៀល ព្រមទាំងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ទុកជាទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីបានរកឃើញមានជាប់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសពុករលួយ ។
ការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសអតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ «បំពានធនធានធម្មជាតិ រំលោភអំណាច និងផ្ដល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ»។
សូមបញ្ជាក់ថា លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន កាលពីថ្ងៃទី០១ មិនា ឆ្នាំ២០២០ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ។ លោក នួន ប៉ុក ត្រូវបានគេដឹងថា បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែពីឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ លោកត្រូវបានផ្ទេរចេញពីតំណែងនេះទៅវិញ ៕