អាជីវករដឹកផ្លែឈើពីវៀតណាមការចោទប្រកាន់គយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើទារលុយ២០លានរៀលអាជីវករមិនព្រមទុកផ្លែឈើដល់រលួយបានឲ្យវិញ

49

ខេត្តព្រៃវែង៖ អាជីវករដឹកផ្លែឈើពីវៀតណាមការចោទប្រកាន់គយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទារលុយ២០លានរៀល រាប់ក្បាលឡាន កំណត់យកលុយ ក្នុង១ជើងៗ ចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល នេះបើយោងតាមអាជីវករផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានយើងនៅថ្ងៃទី ០៩ ខែមិថុនាឆ្នាំ ២០២១មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១។ ហើយអាជីវករហ៊ានស្បថដាក់ជីវិត ហ៊ានឲ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត» ប៉ុន្តែករណីនេះ មន្ត្រីគយបដិសេធថា«មិនដឹងទេ»ទង្វើគាបសង្កត់និងចាប់រថយន្តយកលុយរបស់គយប្រចាំការផ្លូវជាតិលេខ១។

បើតាមអាជីវករឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ បច្ចុប្បន្ននៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញបានបញ្ជាក់ថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអងគឺត្រូវបង់លុយឲ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។

អ្នកស្រីបន្តទៀតថា៖ រថយន្តគាត់មានក្រដាសបង់ពន្ធពីគយនៅព្រំដែន ក៏នៅតែបង់លុយឲ្យគយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង ក្នុងនោះប្រសិនជាមិនមានក្រដាសស្នាមចេញពីព្រំដែនទេ គឺត្រូវបង់លុយឲ្យគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។


អាជីវកររូបនេះបានលើកឡើងទៀតថា៖ រឿងបង់លុយឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ទាំងនោះជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួនគឺគ្មានអាជីវករណាម្នាក់គេចផុតឡើយប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះចុះហេតុអី? បែរជាចាប់រថយន្តដឹកផ្លែគូលែន របស់អ្នកស្រីនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀលតាមកំណត់ ជាហេតុនាំឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ទុករថយន្តរួមនិងផ្លែឈើឲ្យនៅស្អុយក្នុងស្នាក់ការតែម្ដងបណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់គិតជាទឹកប្រាក់ប្រមាណជា៥០.០០០$ឯណោះ។ ក្រុមអាជីវករផ្សេងទៀតបានអះអាងថា៖ ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាមឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ។


ប្រភពដដែលបញ្ជាក់ថា៖ សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀលជាកំហិត។
រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោងប្រសិនជាខ្លួននិយាយបំផ្លើសខុសពីការពិត ចំពោះការបង់ លុយឲ្យ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ។


ឆ្លើយតបនិងការលើកឡើងខាងលើលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១បានថ្លែងថា៖ រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះគឺមកពីមិនបានបង់ពន្ធ។ ចំពោះសំនួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោក ផែន ភឿន បានបដិសេធថា មិនដឹងទេ។ រីឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការបានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន?។


ទោះជាយ៉ាងណាក៏ដោយក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿងបានដឹកទំនិញពីវៀតណាមចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយបាយទឹក ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខានឡើយ។