ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត អញ្ជើញចុះពិនិត្យកន្លែង និងសួរសុខទុក្ខពលរដ្ឋចំណាកស្រុកមកពីក្រៅប្រទេស ដែលសម្រាកតាមដានសុខភាពនៅមណ្ឌលចត្តាឡីស័កថ្មីកម្រិត២

23

(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី២៣ ខែធ្នូ  ឆ្នាំ២០២០ ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យកន្លែង និងសួរសុខទុក្ខពលរដ្ឋចំណាកស្រុកមកពីក្រៅប្រទេស ដែលសម្រាកតាមដានសុខភាពនៅមណ្ឌលចត្តាឡីស័កថ្មីកម្រិត២ នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែក ស្ថិតនៅភូមិក្រញុង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឱ្យដឹងថា ពលរដ្ឋចំណាកស្រុកមកពីក្រៅប្រទេសបានដាក់ឲ្យសម្រាកតាមដានសុខភាពនៅមណ្ឌលចត្តាឡីស័កថ្មី កម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកពី ថ្ងៃទី១៦រហូតដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះ សរុបទាំងអស់គឺមានចំនួន២៦នាក់ (ស្រី៩នាក់)។

លោកបន្តថា ការមកធ្វើចត្តាឡីស័កថ្មី កម្រិត២នេះគឺខាងស្រុកបានផ្តល់ការឧបត្ថម្ភអាហារប្រចាំថ្ងៃជូនដល់ពលករស្នាក់នៅមណ្ឌលចត្តាឡីស័កថ្មី ឃុំមុខដាដោយបានអប់រំណែនាំឱ្យថែទាំសុខភាព និងរង់ចាំទទួលលទ្ធផលដើម្បីបន្តធ្វើចត្តាឡីស័ក។

ក្នុងឱកាសនោះឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពនៃការឆ្លងចូលសហគមន៍នេះ គឺមិនទាន់បានបិទបញ្ចប់នៅឡើយទេ ខណៈលោកអំពាវនាវដល់បងប្អូនចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មី កម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុកត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់ ហើយនៅគម្លាតគ្នា។នៅពេលទំនេរដើម្បីបំបាត់ការអផ្សុកសូមធ្វើពលកម្មក្នុងបរិវេណទីតាំងនៅមណ្ឌលចត្តាឡីស័កទាំងអស់គ្នា៕ដោយ:PK