គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់​ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

17

សៀមរាប៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយមានការចូលរួមភ្ញៀវកិត្ដិយស ជាតិ-អន្ដរជាតិ សមាជិកសមា​ជិកានៃគណៈកម្មាការអន្តរក្រសួង ថ្នាក់ដឹកនាំមន្ដ្រីរាជការអន្តរក្រសួងទាំងអស់ រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដីខេត្តសៀមរាប និងបងប្អូនជនរួមជាតិទាំងអស់ផងដែរ ។

ថ្លែងទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹងថា ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក (១៤០,១៤៦,៣០៥ ដុល្លារអាមេរិក) និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត (៩,០៧០,២៩០ ដុល្លារអាមេរិក) សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះឱ្យស្របនឹង បទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះបីកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាធំៗ ដូចជាបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ការកាត់ផ្តាច់ផ្នែកខ្លះនៃការអនុគ្រោះពន្ធEBA បញ្ហាគ្រោះ មហន្តរាយ ធម្មជាតិ ទឹកជំនន់ ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចឈរក្នុងភាពជាម្ចាស់ការដោយ​ខ្លួនឯងបាន និងបានកសាងនូវសមិទ្ធផលជាច្រើនពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ ដែលបាននិងកំពុងស្ថាបនាសាងសង់ឡើង ត្រៀមនឹងបញ្ចប់ ការសាងសង់នាពេលដ៏ខ្លីខាងមុខ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពទទួលការងារអនុវត្តគម្រោងទាំងអស់ ត្រូវប្រកាន់គោលជំហរនិងការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងការងាររៀបចំសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយគោរពតាមបទដ្ឋានលក្ខណៈបច្ចេក​ទេស និងសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានកម្មករ គ្រឿងចក្រ  និងឧបករណ៍សាងសង់ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចការងារនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុក ។ ឯក​ឧត្តមទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ ដែលបាន ផ្តល់កិច្ចសហការយ៉ាងល្អប្រសើរលើការងារដោះស្រាយផលប៉ះពាល់ ជំរុញឱ្យការបើកការដ្ឋានសាងសង់ អាចដំណើរការទៅបានដោយរលូន ៕