គណៈបញ្ជាការឯកភាពស្រុកកែវសីមា ធ្វើការបង្ក្រាបរឹបអូសឈើ៤២ដំុ ដែលឈ្មួញលាក់ទុករួចប្រគល់ឱ្យជំនាញរក្សាទុក

26

ខេត្តមណ្ឌលគិរី: គំនរឈើរាយប៉ាយជាច្រើនដុំដែលក្រុមឈ្មួញយកមកលាក់ទុក នៅក្នុងព្រៃបម្រុងដឹកយកទៅប្រទេសវៀតណាម ត្រូវបាន​​​ក្រុមលេខាធិការ​​​​​ដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្រ្កាបបានប្រគល់ឱ្យជំនាញយកទៅរក្សាទុក។

ការចុះបង្ក្រាបនោះក្រុមលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុក បានសហការជាមួយ កម្លាំងជំនាញ បរិស្ថានដែនជម្រកសត្វព្រៃសីមា បានរុករកឃើញទីតាំងលួចលាក់ឈើខុសច្បាប់ ប្រតិបត្តិការចុះបង្ក្រាបបានធ្វើឡើង នៅវេលាម៉ោង១០ៈ០០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងចម្ការស្វាយចន្ទី ចំណុចអូរត្រូន ក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

នេះបើតាមសមត្ថកិច្ចចម្រុះប្រទះឃើញ ឈើនៅចំណុចទីតាំងខាងលើ បានឲ្យដឹងថា: ការបង្ក្រាបនិងរឹបអូសយកវត្ថុតាង រួមមានជញ្ជីងសម្រាប់ថ្លឹងឈើចំនួន២គ្រឿង ឈើប្រភេទលេខ១សុក្រំ ចំនួន៤២ដុំដោយពុំទាន់បានធ្វើការវាស់វែងនៅឡើយ។ ក្រោយការរឹបអូសវត្ថុតាង​​ដែលសមត្ថកិច្ចបង្ក្រាបបានហើយនោះ រួចក៍ប្រគល់ឱ្យទៅជំនាញស្នាក់ការកណ្តាល ដែនជម្រកសត្វព្រៃសីមា យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ផងដែរ៕

ដោយ:KC.36