សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅថ្ងៃទី៣០ ខែវិច្ឆិកា

13

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀរាប ដើម្បីធ្វើជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។

នេះបើយោងតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប។ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែកនេះ។ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន» ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចំណាយថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក៏ធ្វើឱ្យក្រុងសៀមរាប នឹងក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ។

ផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នោះ នឹងក្លាយទៅជាផ្លូវសម្ពន្ធមេត្រីភាពជាមួយវិស័យវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដោយស្របតាមរូបសាស្រ្តទីក្រុង និងមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាព ដូចជាប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូរំដោះទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ សួនច្បារ និងសួនដាំដើមឈើជាដើម ៕