មហាជនហួសចិត្តនឹងអ្នកបើកបរកង់បីមួយចំនួន ដែលល្មើសច្បាប់ចរចារណ៍វ៉ាជែងមិនគិតពីសុវត្ថភាពរបស់អ្នកធ្វើដំណើរលើដងផ្លូវ ខណៈប្ដីប្រពន្ធពីរនាក់ប៊ិះនឹងត្រូវបាត់បង់ជីវិតក្រោមជើងរថយន្ដ ដោយសារកង់បីឥណ្ឌាកៀរដៃចង្កូតម៉ូតូ
ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបរួចហើយ ពោលគឺតាមរយៈការនិយាយតៗគ្នាក៏ដូចជាការចែករំលែកជារឿយៗនៅលើបណ្ដាញសង្គម អំពីការបើករបររបស់តៃកុង Pass App ឬហៅថាកង់បីឥណ្ឌាមួយចំនួន ដែលតែងតែរំលោភបំពានល្មើសច្បាប់ចរាចរណ៍ វ៉ាជែងដោយមិនគិតពីសុវត្ថិភាព និងអាយុជីវិតរបស់អ្នកធ្វើដំណើរលើដងផ្លូវ ។ ជាក់ស្ដែងថ្មីៗនេះ បុរសម្នាក់បានសម្ដែងការហួសចិត្តចំពោះអ្នកបើកបរកង់បីឥណ្ឌាមួយគ្រឿង បើកកៀរដៃចង្កូតម៉ូតូអ្នកធ្វើដំណើរពីរនាក់ដួលនៅកណ្ដាលថ្នល់ ចំពេលដែលរថយន្ដមកពីក្រោយ ដែលប្រឈមនឹងការបាត់បង់ជីវិតប្រសិនបើតៃកុងរថយន្ដចាប់ហ្រ្វាំងមិនទាន់ ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chour Chhean បានធ្វើការចែករំលែកនៅប៉ុន្មានម៉ោងមុននេះថា «ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាហួសចិត្ត និយាយសឹងតែមិនចេញ ដោយសារតែទង្វើល្មើសច្បាប់ចរចារណ៍របស់អស់លោកកង់បី(ឥណ្ឌា)មួយគ្រឿងនេះ សូមទស្សនាវីដេអូ Record ទាំងអស់គ្នា ។ សូមអស់លោក បងៗ ប្អូនៗដែលប្រកបរបររត់កង់បីមេត្តាពិចារណាឱ្យបានខ្ពស់បំផុតទៅលើច្បាប់ចរាចរណ៍! អស់លោកមួយចំនួនបើកបរទាំងតក់ក្រហល់ ទាំងផ្លូវកំពុងកកស្ទះ វ៉ាជែងគេឯងដោយគ្មានញញើតអីបន្តិចសោះ តើអស់លោកមានគិតពីសុវត្ថិភាពរបស់គេទេ? អស់លោកមានខួរក្បាលដូចគេឯងដែរ តែខុសត្រង់ថា អស់លោកមិនបានយកខួរក្បាលដ៏មានតម្លៃរបស់អស់លោក មកប្រើប្រាស់ឱ្យមានប្រយោជន៍សោះ! នេះបើសិនជាខ្ញុំចាប់ហ្វ្រាំងមិនទាន់ តើមានអ្វីកើតឡើងចំពោះអាយុជីវិតរបស់ពូមីងដែលលោកបានកៀរដៃចង្កូតម៉ូតូរបស់គាត់ឱ្យដួលស្ទើតែនៅក្រោមឡានហើយនោះ? អាណិតមីងពូណាស់ គាត់ភ័យឡើងស្លេកមុខ ហើយក៏គាត់បានលើកដៃសំពះអរគុណខ្ញុំ ដែលអាចចាប់ហ្វ្រាំងទាន់ ដែលធ្វើឱ្យគាត់មានអាយុជីវិតបន្តទៀត បងប្អូនជួយ Share ដើម្បីឱ្យក្រើនរំលឹកឲ្យអ្នកដទៃទៀតបានដឹង» ។
ក្នុងនោះប្រភពខាងលើមិនបានបញ្ជាក់ពីទីតាំងកើតហេតុឡើយ តែមានមហាជនជាច្រើនបានលើកឡើង ថាការបើកបរ Pass App ឬកង់បីមួយចំនួន គឺបើកបរទាំងងងឹតងងុលរបស់អ្នកបើក និងគ្មានច្បាប់ទម្លាប់ឡើយ ។ សលើសពីនេះ ក៏មានការស្នើឱ្យក្រសួងសាធារណៈការ និងដឹងជញ្ជូនចេញវិធានការអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះតៃកុង Pass App ឬកង់បី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ ដែលបង្កឡើងដោយកត្តាទាំងអស់នេះ ៕


