លោកស័ក្តិ៣ ហ៊ីង តុលា មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ក្លាយអ្នកជួញដូរគ្រឿងញៀន និងត្រូវបានចាប់ខ្លួន

48

ភ្នំពេញ៖ លោកស័ក្តិ៣ ហ៊ីង តុលា មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងករណីពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចម្តុំស្តុបធនាគារកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នេះបើតាមសមត្ថកិច្ចបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១៖១៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចម្តុំក្តាន់ពីរR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន ចំនួន ២០៩កញ្ចប់ ។ បន្ទាប់ពីប្រើវិធានការជំនាញសួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ច ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់សំណង់មិនទាន់រៀបរយនៅម្តុំផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ បានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់​ថ្នាំញៀន និងអាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យខាងលើចំនួន៧នាក់បន្ថែមទៀត ដោយនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ។

លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩៖០០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ដែលមានជាប់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀនខុសច្បាប់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមបក្ខពួកដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕