ពុទ្ធដិមាករ «ព្រះអង្គដងកើ» ដែលជាទីសក្ការដ៏ស័កសិទ្ធ ត្រូវបានបុរសម្នាក់យកញញូរវាយបណ្ដាលឱ្យប្រះស្រាំព្រះហត្ថខាងស្តាំ
ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពយកញញួរវាយពុទ្ធដិមាករព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ ។ មុនពេលកើតហេតុ ជនសង្ស័យខាងលើបានដើរមកព្រះអង្គដងកើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត ។
សមត្ថកិច្ចបន្តទៀតថា ពេលនោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរីការងារ ក្នុងព្រះអង្គដងកើឃើញ បានស្រែកឆោឡោឡើង ស្របពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជយ័ជំនះ ដែលប្រចាំការគោលដៅកន្លែងកើតហេតុ បានមកជួយអន្តរាគមន៍ភ្លាមៗ និងឈានដល់ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏តាមនិតិវិធី ។
គួរបញ្ជាក់ដែរថា ជារៀងរាល់ថ្ងៃ មិនថាវេលាព្រឹក ឬក៏ល្ងាចនោះទេ ជាពិសេសថ្ងៃឧបោសថសីល និងបុណ្យប្រពៃណីជាតិផ្សេងៗ គេតែងតែសង្កេតឃើញមនុស្សម្នាក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកុះករ បាននាំគ្នាទិញគ្រឿងសក្ការៈ និងតង្វាយរួមមាន ធូប ទៀន ស្លាធម៌ដូងខ្ចី ចេកទុំ ផ្កាឈូកក្រហម ស ថ្វាយដល់បារមីព្រះអង្គដងកើ ដើម្បីសុំសេចក្តីសុខ សេចក្ដីចម្រើន ត្រជាក់ត្រជុំទៅតាមជំនឿរៀងៗខ្លួន ។ លើសពីនេះ ក៏មានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬ ត្រី នៅខាងមុខព្រះអង្គដងកើ ដើម្បីចៀសផុតពីគ្រោះចង្រៃផ្សេងៗផងដែរ ៕


