រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅសង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារខ្ទាតផ្កាភ្លើងពីឡសម្ងួត

66

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះអត្តរាគមន៍ដោយជោគជ័យ មិនបង្កឱ្យមានការរាលដាលទៅកន្លែងផ្សេង​ៗ​នោះឡើយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានទូរស័ព្ទពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆេះរោងម៉ាស៊ីនកិនស្រូវ ភ្លាមៗនោះ លោកបានចេញបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៨គ្រឿង ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗផងដែរ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងករណីអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញឡសម្ងួតស្រូវ (ទំហំ ៣ម៉ែត្រ x ២០ម៉ែត្រ) អស់ចំនួន ១ឡ តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

លោកវរសេនីយ៍ឯក បញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំខាងលើមានឈ្មោះ ប៊ុង សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខរបរ ជាអាជីវករកិនស្រូវ ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៤ឡាន ក្នុងនោះ រួមមានរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២គ្រឿង, រថយន្តពន្លត់ពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តកណ្តាល ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង ហើយប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានអន្តរាគមន៍បាញ់ឲ្យរលត់ទៅវិញនាវេលាម៉ោង ៩និង៥៣នាទីព្រឹកថ្ងៃដដែរ និងមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ ៕