រដ្ឋបាលស្រុកសេសានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការ ថ្នាក់ស្រុកឃុំនិងផែនការវិនិយោគបីឆ្នាំ រំកិល២០២១-២០២៣

10

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្ទីរផែនការខេត្តបានសហការជាមួយរដ្ឋបាលស្រុកសេសាន រៀបចំសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុកឃុំ និងផែនការវិនិយោគបីឆ្នាំ រំកិល២០២១-២០២៣ ដើម្បីផ្សព្វផ្សាយនិងបង្ហាញពីគម្រោងសម្រាប់អភិវឌ្ឍន៍ស្រុកឃុំ និងសុំការគាំទ្រពីមន្ទីរអង្គភាពជំនាញ សប្បុរសជននិងអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍន៍ ។

សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកសេសាន ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក អភិបាលរងស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុកឃុំ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់ ។

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្ត សិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ឃុំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជោគជ័យក្នុងការអនុវត្តនូវផែនការវិនិយោគ និងអភិវឌ្ឍន៍នានារបស់ស្រុក ឃុំ កន្លងមក និងបង្ហាញពីផែនការបន្តបន្ទាប់ដល់មន្ទីរអង្គភាពជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិល ដែលជាដៃគូអភិវឌ្ឍន៍ ដើម្បីឲ្យពួកគាត់ពិនិត្យលទ្ធភាពគាំទ្រគម្រោងរបស់ស្រុកឃុំ និងចូលរួមជាថវិការ ឬធនធានចូលរួមក្នុងគម្រោងសម្រាប់អភិវឌ្ឍន៍តាមមូលដ្ឋានស្រុក ឃុំ ។

លោកបន្តថា រាល់គម្រោងដែលស្រុក ឃុំ បានដាក់ចេញសម្រាប់ការអភិវឌ្ឍន៍ គឺសុទ្ធតែបានពិនិត្យនិងច្បិចយកនូវគម្រោងជាអទិភាពសំខាន់ៗចេញពីផែនការអភិវឌ្ឍន៍ និងវិនិយោគសម្រាប់ឆ្នាំ២០២១-២០២៣ របស់រដ្ឋបាលស្រុកឃុំ ដើម្បីធ្វើយ៉ាងណាឲ្យមានការគាំទ្រពីអង្គភាពជំនាញ និងអង្គការជាដៃគូអភិវឌ្ឍន៍ ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍មូលដ្ឋានបានកាន់តែឆាប់រហ័ស ។

ក្នុងនេះផងដែរលោក ញ៉ែម សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា នេះជាឱកាសល្អសម្រាប់មន្ទីរជំនាញ និងអង្គការសង្គមស៊ីវិលក្នុងការពិនិត្យលទ្ធភាពចូលរួមគាំទ្រក្នុងការអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ស្រុកឃុំ ពិសេសស្រុកសេសានដែលជាស្រុកគំរូមួយក្នុងខេត្តដែលកំពុងមានការអភិវឌ្ឍ ។

លោកថា យោងតាមការផ្សព្វផ្សាយរបស់ស្រុកឃុំ ក្នុងសិក្ខាសាលានេះ សម្រាប់ស្រុកសេសាន និងបណ្ដាឃុំនានានៃស្រុកមានគម្រោងអភិវឌ្ឍន៍នានាជាច្រើន ជាពិសេសនៅតាមតំបន់ដាច់ស្រយោលដែលកំពុងត្រូវការជាចាំបាច់នូវការគាំទ្រគម្រោងអភិវឌ្ឍន៍ពីសំណាក់មន្ទីរជំនាញ សប្បុរសជន និងអង្គការសង្គមស៊ីវិល ។

លោក ញ៉ែម សារី បានសំនូមពរដល់មន្ទីរអង្គភាពជំនាញ សប្បុរសជននិងអង្គការសង្គមស៊ីវិលទាំងអស់ពិចារណា និងគាំទ្រនូវរាល់គម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលស្រុកសេសាន និងបណ្តាឃុំផ្សេង​ៗ​ទៀតក្នុងស្រុកសេសានទាំងមូល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍ស្របទៅតាមគម្រោងដែលបានដាក់ចេញ ៕  ដោយ:KC.36