រាជរដ្ឋាភិបាលថៃ ប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលនៃវីរុសកូវីដ១៩

37

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡងដ៏ ផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសចុះថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ បន្តដាក់ប្រទេសក្នុងគ្រាអាសន្នដំណាក់កាលទី៩ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។ ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ​ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងប្រទេសថៃ ។

ទន្ទឹមនឹងនោះដែរ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ក៏បានអំពាវនាវដល់សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្នាក់នៅក្នុងប្រទេសថៃ បន្តសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងថែរក្សាសុខភាពអនាម័យរបស់ខ្លួន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះបន្តទៀត ។

ក្នុងករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទំព័រហ្វេសប៊ុក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ ផ្នែកកុងសុល/និស្សិត និង​ ០៩៤ ០៩២៥ ៩០៥ ផ្នែកទទួលបន្ទុកពលករ ៕