ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដាក់ពិន័យមន្រ្ដីចរាចរណ៍ទាំង១០នាក់ពាក់ព័ន្ធនឹងផាកពិន័យពីអ្នកបើកបរ ២០០ដុល្លារ

78

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដាក់ពិន័យមន្រ្ដីចរាចរណ៍ទាំង១០នាក់ពាក់ព័ន្ធនឹងផាកពិន័យពីអ្នកបើកបរ ២០០ដុល្លារអាមេរិកដោយបាញ់តាម ABA ជូនលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយផ្នែក ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

យោងតាមការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឱ្យដឹងថា កាលពីថៃ្ងទី១៦ មករា ២០២៣នេះ មានគណនី ហ្វេសប៊ុក ឈ្មោះ «គង្គារ លំអរមង្គល » ថាប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺផាក់សាហាវណាស់ដឹងយេីងប្រញាប់ផាក200$ អោយបាញ់ចូលកុងហេីយ បណ្លំមិនអោយ វិក័យទៀតហេីយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith)បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀតគ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់”។

យោងតាមព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ដូចគណនេយ្យ ABAដែលអះអាងថាជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យABA Khem Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយផ្នែក ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៧៩-៨០ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោង មួយគ្រឿងស្លាកលេខភ្នំពេញ 2BP_4662 ក្នុងទិសដៅពីខាងកើតទៅទិសខាងលិច ឆ្ពោះទៅខេត្ដព្រះសីហនុ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃើញអ្នកបើកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មើសច្បាប់។

សមត្ថកិច្ចបានប្រាប់ថាបទល្មើសខាងលើ គឺពិន័យ ១,២០០,០០០ រៀល និងពិន័យ ១៥០,០០០ រៀលបន្ថែមល្មើសទំនិញសំពីងសំពោង ពេលនោះអ្នករួមដំណើរនិងជាម្ចាស់សំអាងការបានប្រាប់ថាសុំសំរួល ដោយសុំជូនជាប្រាក់២០០ដុល្លា តែសុំលេខ ABA ដើម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ២០០ដុល្លារួចក៏បានបន្ដដំណើរទៅបាត់។

ស្នងការស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវនិងចំណាត់ការលើមន្រ្ដីចរាចរណ៍ទាំង១០នាក់ យកមកទុកបណ្ដោះអាសន្ននៅការរិយាល័យបុគ្គលិក អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ ចំពោះម្ចាស់រថយន្តខាងលេីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងស្រាវជ្រាវទាក់ទងដេីម្បីសុំធ្វេីការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លាជូនគាត់វិញ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់បានថ្លែងអំណរគុណចំពោះការចូលរួមសហការផ្ដល់ព័ត៌មាននានាពីអ្នកលេងបណ្តាញសង្គម ពាក់ព័ន្ធនិងអំពើអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច។

ករណីខាងលើនេះ មិនមែនជាលើកទី១នោះទេ កន្លងមកក៏មានមន្ត្រីនគរបាលចរាចរណ៍ ដែលឈរជើងនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទទួលរងនូវការរិះគន់ ពីអ្នកបើកបរ និង អ្នកធ្វើដំណើរជុំវិញការអនុវត្តច្បាប់បានមិនត្រឹមត្រូវ និងខុសឆ្គងនិងវិជ្ជាជីវៈ ដែរ ។ យ៉ាងណា មន្ត្រីនគរបាលចរាចរណ៍ទាំងនោះ ក៏ត្រូវបានទទួលរងនូវការពិន័យ និងបញ្ឈរជើងពីអង្គភាពរបស់ខ្លួន ផងដែរ៕