បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលួចយកទ្រព្យសម្បត្តិអ្នកដទៃ
ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ហៀង សុបិន្ត ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មកមកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ពាក់ព័ន្ធនឹងសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃ ។ នេះ បើតាមស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣។
ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងបន្តថា ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនកាលពី ថ្ងៃទី១៣ ខែខមករាឆ្នាំ២០២៣ វេលាម៉ោង២១និង០៥នាទីនៅចំ ណុចភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយ អនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពី លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក ភួង ចន្ទ័តារា ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយមានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចខេត្តបាត់ដំបង បានដកហូតវត្ថុតាងមួយចំនួន រួមមាន មួកសុវត្ថិភាពពណ៌ ស ០១ កាបូបស្ពាយពណ៌ ខ្មៅ ០១ លោហធាតុ ពណ៌មាស ( ខ្សែ ក និង បណ្តោង ) ០១ លោហធាតុពណ៌មាស( ចិញ្ចៀន ) ០១ វង់ លិខិតឆ្លងដែន ០១ អត្តសញ្ញាណសញ្ជាតិខ្មែរ ០១ និង ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-6972ចំនួន០១គ្រឿង ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥២នាទី នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ លឹម សានិត ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណលួចយកទ្រព្យសម្បត្តិរបស់ខ្លួនដែលទុកក្នុងកាបូប។
នៅពេលដឹងថាបាត់ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបានរហូតធ្វេីការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់រីឯទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ ៕