ក្រសួងសិក្សាកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ

31

ភ្នំពេញ ៖ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញពន្លឿនលើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ ឱ្យបានឆាប់រហ័ស។ ការជំរុញរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះ ធ្វើឡើង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនៅទីតាំងខាងលើដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារបច្ចេកទេសទាក់ទងនឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណាកំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានឡើងនៅក្នុងគម្រោង។ ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈមឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាជំរុញពន្លឿនលើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើបទបង្ហាញគោរពជូនទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយជោគជ័យ៕