សម្តេចតេជោ ពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។
សម្តេចបាន ទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក។”
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្តេច ពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ សម្តេច ពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។
បើតាមសម្តេចនាយករដ្ឋមន្ត្រី រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺ ជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។
សម្តេចបន្ថែមថា ដូចនេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ៕