តុលាការសម្រេចផ្តន្ទាទោស ស្ត្រីដែលយកកាំបិតឆូតមុខ អារដៃក្មេងស្រីអាយុ៥ឆ្នាំដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់២០០លានរៀល

73

ភ្នំពេញ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រីម្នាក់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០០លានរៀល ដោយប្រព្រឹត្តិបទល្មើស យកកាំបិតឆូត.មុខ និងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ។

គួររំលឹកថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្រ្តីដែលជាជនសង្ស័យខាងលើ បានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចចាប់​ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និងដៃ ដេរជាង១០០ថ្នេរ ព្រោះខឹងនឹងក្មេងស្រីរងគ្រោះ យកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។ ក្រោយចាប់ខ្លួន ស្ត្រីរូបនេះសារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយ​សារតែក្មេងស្រីរងគ្រោះ ធ្វើឱ្យកូនខ្លួនចេញឈាម ដូច្នេះខ្លួនសុំត្រឹមតែឱ្យក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួនតែប៉ុណ្ណោះ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។ ជនដៃដល់មានឈ្មោះ ​លីវ ប៊ុ​នធឿ​ន ​រស់នៅ​កន្លែងកើតហេតុខាងលើ ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យនោះ​ដែរ ៕