សមត្ថកិច្ចភ្នំពេញបញ្ជូនជនសង្ស័យជនជាតិចិនចំនួន២នាក់យកទៅតុលាការចាត់ការតាមផ្លូវច្បាប់

52

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន២នាក់យកទៅតុលាការចាត់ការតាមផ្លូវច្បាប់។

តាមរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការបញ្ជូទៅតុលាការជនសង្ស័យទាំងពីរូបនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៧ ខែមករា ២០២៣ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី អំពើប្លន់ប្រដាប់អាវុធធ្វើសកម្មភាពភ្ជង់យកប្រាក់ម្ចាស់ហាងជនជាតិចិនដូចគ្នានៅហាងមួយកន្លែងក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។

លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌបានបង្ក្រាបចាប់ខ្លួនជនសង្ស័យទាំង២នាក់ក្នុងអំពើប្លន់ខាងលើ គឺកម្លាំងសមត្ថកិច្ចអនុវត្តតាមបញ្ជាផ្ទាល់ពីសំណាក់លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាទៅលោក សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនិងរូបលោកផ្ទាល់ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវស៊ើបអង្កេត ក្រោយពីជនរងគ្រោះម្ចាស់ហាងបានដាក់ពាក្យប្តឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាល ឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យនិងឃាត់ខ្លួនខណៈពួកគេកំពុងជិះរថយន្តចេញពីខុនដូក្នុងបុរីចំការមន ។

លោកប៊ុន សត្យា បន្តទៀតថា នៅល្ងាចថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យទាំង២នាក់ បានធ្វើដំណើរដោយថ្មើរជើងចូលក្នុងហាងធ្វើជាមករកទិញអីវ៉ាន់នៅចំណុចខាងលើ បន្ទាប់មកដោយពួកគេឃើញនៅក្នុងហាងមានភាពស្ងប់ស្ងាត់ក៏ធ្វើសកម្មភាពយកកាំភ្លើងខ្លី និងកូនកាំបិតភ្ជង់ទៅលើម្ចាស់ហាងចាប់វាយខ្នោះប្លន់យកប្រាក់ អស់ចំនួន៧៣៩ដុល្លារ រួចគេចខ្លួនបាត់ ។

លោកបន្ថែមថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ យ៉ៅ យូហុង( YAO YUHONG) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី -ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ វ៉ាង យ៉ាង ( WANG YANG) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ -អាវុធខ្លីម៉ាក ឡុក19 (LOCK 19) ពណ៌ខ្មៅ ចំនួន០១ដើម , -បង់អាវុធខ្លីចំនួន០២បង់ គ្រាប់អាវុធខ្លីចំនួន១៧ គ្រាប់ ។ ជនរងគ្រោះ ឈ្មោះ ហ្វាង ហ្វាង (FANG FANG) ភេទស្រី អាយុ ៣៤ឆ្នាំ។ ជនសង្ស័យទាំង២នាក់ នៅចំពោះមុខសមត្ថកិច្ចក៏បានឆ្លើយសារភាពទទួលទោសអំពីសកម្មភាពប្រព្រឹត្តបទល្មើសអំពើប្លន់នៅចំណុចខាងលើពិតប្រាកដមែន ៕