កម្ពុជាពិភាក្សាជាមួយក្រុមហ៊ុន NIPPON KOEI លើគម្រោងការកែលម្អផ្លូវរថភ្លើងភាគខាងជើង

58

ភ្នំពេញ៖លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI លើគម្រោងការកែលម្អផ្លូវរថភ្លើងភាគខាងជើង.

ជំនួបនេះរៀបចំឡើងនៅថ្ងៃទី 9 ខែមករា ឆ្នាំ 2022 ក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។

លោក តូច ចាន់កុសល ថ្លែងអរគុណចំពោះក្រុមហ៊ុនដែល បានធ្វើបទបង្ហាញលើគម្រោងកែលម្អប្រព័ន្ធដឹកជញ្ជូនផ្លូវរថភ្លើងភាគខាងជើងដែលមានស្រាប់ ហើយឆ្លៀតក្នុងឱកាសនោះដែរ ។
លោក បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារJICAបានសិក្សារួចកន្លងមក។

សូមបញ្ជាក់ថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថា JTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៕