សមត្ថកិច្ជលផលបឹងទន្លេសាបចុះរុះរើកាប់បំផ្លាញចោលរបាំងសាច់អួនខុសក្រឡាប្រវែង១៥០០ម៉ែត្រនៅចំណុចទំនាបខ្វែក

42

ខេត្តកំពង់ធំ÷ ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ដឹកនាំដោយលោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ កាលពីម្សិលមិញនេះដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបចុះបំពេញការងារទទួលបានលទ្ធផលគឺ បងប្អូនប្រជានេសាទនៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ពុំគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលនោះឡើយ។

សមត្ថកិច្ចជំនាញខាងលើបានឲ្យដឹងថា នៅក្នុងការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡានិងលើសប្រវែងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤របាំង ប្រវែង១៥០០ម៉ែត្រ លូសាច់អួនចំនួន១១មាត់ ឡុកសាច់អួនចំនួន០៧គ្រឿង បង្គោលឈើចំនួន៩៥០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។

គួរបញ្ជាក់ផងដែរថាសម្រាប់ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ថ្ងៃនេះប្រចាំការនៅកន្លែង។