កំណាត់ផ្លូវជាតិលេខ៧ បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពនៅថ្ងៃនេះ៖..

24

កំពង់ចាម៖ កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បានប្រកាសបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីកផ្លូវខាងលើនេះបញ្ជាក់ថា ក្រោយពេលកំណើនសេដ្ឋកិច្ច គួបផ្សំនឹងចរាចរណ៍របស់អ្នកដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បានប្រែក្លាយកំណាត់ផ្លូវលេខ៧នេះ ឱ្យទៅជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមានគ្រោះថ្នាក់ញឹកញាប់ ទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវនេះជាចាំបាច់។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានជួយកម្ពុជាលើការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់(ផ្លូវ,ស្ពាន) និងការជួយផ្តល់ដល់វ៉ាក់សាំងកូវីដ-១៩កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវ រហូតដល់កម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ ហើយអត្រាកំណើនឆ្លងប្រចាំថ្ងៃ មានចំនួនតិចតួច។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ដែលគ្រោង នឹងប្រកាសបើកការដ្ឋាននៅស្អែកនេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង។

កំណាត់ផ្លូវជាតិនេះ ក្រោយពីបញ្ចប់ការសាងសង់នឹងក្លាយជាខ្សែផ្លូវមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមផងដែរ៕