ក្រុមហ៊ុន Walmart របស់អាមេរិក ឈានជើងចូលទីផ្សារកម្ពុជា ៖.

49

ភ្នំពេញ៖ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី 5 ខែមករា ឆ្នាំ 2023 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រដែលក្រុមហ៊ុនមានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។


ក្នុងជំនួបនេះផងដែរលោករដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានផ្តល់នូវបច្ចុប្បន្នភាពនៃសមិទ្ធិផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេស ការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លើសពីនេះ លោក រដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។
បើតាមលោក ប៉ាន សូរស័ក្តិ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី Anbinh Phan បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

លោកស្រី ក៏បានថ្លែងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោកស្រីបន្តថា ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម៕