បុរសជនជាតិចិនម្នាក់ចាក់សម្លាប់កូនស្រីបង្កើតអាយុជាង​១​ខួប​ស្លាប់ក្នុងថ្លុកឈាម ក្រោយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ

43

កណ្ដាល៖ កុមារីអាយុជាង១ខួបម្នាក់ ត្រូវបានឪពុកចាក់សម្លាប់យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង១៩៖១០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់ មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

កុមារីជាជនរងគ្រោះឈ្មោះ ទ័រ ទ័រ អាយុជាង០១ ជនជាតិខ្មែរ មានម្តាយជាជនជាតិខ្មែរ ។ ដោយឡែកជនសង្ស័យត្រូវជាឪពុករបស់កុមារីបង្កើតឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់​នៅក្នុងភូមិសង្កាត់កើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង មានកន្រ្តៃដែក ដងជ័រ ពណ៌ផ្ទៃមេឃ ប្រវែង ១៩សង់ទីម៉ែត្រ ចំនួន០១ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យបានដឹងថា មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រៈ អាយុ៣០ឆ្នាំ បានរត់ចោលប្តីជាជនជាតិចិន និងកូនស្រីតូចរបស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន មកតាមរកដល់ផ្ទះសំណាក់ខាងលើ ហើយក៏បានរស់នៅជាមួយគ្នាវិញ ។ តែរហូតមកដល់ថ្ងៃកើតហេតុ នៅវេលម៉ោង១៤៖០០នាទី នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែកជាមួយស្ត្រីជាម្តាយជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ ។

ប្រភពដដែលបានបន្តថា លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាលឲ្យនាងតូចដេកស្លាប់លើពូក ហើយចាក់ខ្លួនឯងបណ្តាលមានរងរបួស ។ បន្ទាប់មកពូរបស់កុមារីរងគ្រោះបានឃើញក្មួយ មានឈាមច្រើននៅក្នុងបន្ទប់ទឹក បន្ទាប់មកបានដឹកកុមារីរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ប៉ុន្តែកុមារីរងគ្រោះ បានស្លាប់រួចទៅហើយ ។

សមត្ថកិច្ចបានបញ្ជាក់ដែរថា បន្ទាប់ពីកើតហេតុសន្តិសុខពេទ្យបានផ្ដល់ព័ត៌មានជូនមកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី សមត្ថកិច្ចបានចុះភ្លាមដល់គោលដៅកើតហេតុ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏បានឃើញឪពុក កុមារីរងគ្រោះនៅក្នុងបន្ទប់ជួលលេខ១០១ កំពុងអង្គុយ ក៏ឃាត់ខ្លួនតែម្តង ៕